(ភ្នំពេញ)៖ សាលាខណ្ឌឫស្សីកែវនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការផ្ដល់សេវា តាមការិយាល័យច្រកចេញ-ចូលតែមួយ ស្ដីពីវឌ្ឍនភាពនៃ ការផ្ដល់សេវាជូនប្រជាពលរដ្ឋ និងរបាយការណ៍បូកសរុបលទ្ធផលឆមាសទី១ ក្រោមការចូលរួមពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរងខណ្ឌ ស៊ូ សោគន្ធ រួមទាំងសមាជិក សមាជិកានៃក្រុមការងារ ក្នុងរចនាសម្ព័នខណ្ឌ និងសង្កាត់ជាច្រើននាក់ផងដែរ។

លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ ទទួលបន្ទុកការិយាល័យ ច្រកចេញ-ចូលតែមួយ និងដោយមានការអនុញាតពី អភិបាលខណ្ឌឫស្សីកែវ បានលើកឡើងពីវឌ្ឍនភាព នៃការផ្ដល់សេវារដ្ឋបាល តាមការិយាល័យច្រក ចេញ-ចូលតែមួយ និងលទ្ធផលសរុប ចំណូលសេវា និងចំណូលរដ្ឋបាលរយះពេល៦ខែ ក្នុងឆមាសទី១ឆ្នាំ២០១៦នេះ។

លោក ស៊ូ សោគន្ធ បានបន្តថា ការិយាល័យច្រកចេញ-ចូល តែមួយរបស់សាលាខណ្ឌឫស្សីកែវ ត្រូវបានសម្ភោធដាក់ឲ្យដំណើរការក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤។ ប៉ុន្តែដោយអគារការិយាល័យច្រកសង់មិនទាន់រួច រហូតមកដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៤ ទើបចាប់ផ្ដើមដំណើរការទទួលសេវាពីប្រជាពលរដ្ឋ។

លោក ស៊ូ សោគន្ធ បានបន្តទៀតថា ខណ្ឌឫស្សីកែវជាខណ្ឌមួយ មានសក្កានុពលសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដែលមានទីតាំងស្ថិតនៅភាគខាងជើង នៃរាជធានីភ្នំពេញ ដោយលក្ខណៈភូមិសាស្ត្រ បង្កភាពងាយស្រួលក្នុងការវិនិយោគផ្នែកសំណង់លំនៅដ្ឋាន ឫប្រកបអាជីវកម្មផ្សេងៗ មានដល់ទៅ៦សង្កាត់ស្មើ និង២១ភូមិ មានប្រជាពលរដ្ឋរស់នៅ ចំនួន៣៣,៣៧៤គ្រួសារ ដោយមានប្រជាជនសរុបប្រមាណ ១៥៣,៥០៧នាក់ ក្នុងនោះមានស្ត្រីចំនួន៨១,៦១៤នាក់។ លោកអភិបាលរងបានបញ្ជាក់ថា ចំណុចខ្លាំងរបស់ការិយាល័យ ច្រកចេញ-ចូលតែមួយ ខណ្ឌឫស្សីកែវ គឺផ្នែកលើគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ និងឆន្ទះយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោកអភិបាលរងបានបញ្ជាក់ទៀតថា ក្រោមការដឹកនាំពីលោក ជា ពិសី អភិបាលខណ្ឌ ឫស្សីកែវ មន្រ្តីរបស់យើង បានយកចិតទុកដាក់លើការងារ ការិយាល័យច្រកចេញ-ចូលតែមួយ ហើយបានពង្រឹងយន្ដការផ្ដល់សេវារដ្ឋបាល តាមការិយាល័យច្រកចេញ-ចូលតែមួយ ជាប្រចាំដោយធ្វើការប្រជុំប្រចាំខែសំដៅ លើកកម្ពស់គុណភាព នៃការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។

ចំណែកចំណុចខ្សោយ និងការកែលម្អរបស់ការិយាល័យច្រក ចេញ-ចូលតែមួយរហូតមកទល់ពេលនេះ មានប្រជាពលរដ្ឋ មកទទួលសេវារដ្ឋបាល ពីការិយាល័យច្រកចេញ-ចូលតែមួយ និងទទួលបានចំណូលច្រើនជាងឆ្នាំ២០១៥។ បើទោះជាយ៉ាងនេះក្ដី មន្ត្រីជួរមុខនិងជួរក្រោយមានការថ្នាំងថ្នាក់បន្តិចបន្តួច ពីអតិថិជនដែលមិនអាចចៀសផុត តែមិនដល់ថ្នាក់ដាក់ពាក្យបណ្ដឹងនោះឡើយ ពីព្រោះការផ្លាស់ប្ដូរឥរិយាបថ ពីមន្ត្រីមកជាអ្នកបំរើសេវាជូនប្រជាពលរដ្ឋ មិនទាន់បានល្អមួយរយភាគរយនៅឡើយទេ ដោយសារពេលខ្លះពួកគាត់ មកទទួលយកសេវានិត្យានុកូលកម្មច្រើននាក់ ក្នុងពេលតែមួយដែលក្រុមមន្ត្រីយើង មិនអាចផ្ដល់សេវាជូនពួកគាត់ទាន់ចិត្ត គឺត្រូវរង់ចាំវាយបញ្ចូលឈ្មោះក្នុងប្រព័ន្ធ Computers តាមលេខរៀងជាដើម។

លោកអភិបាលរងបានបន្ថែមថា ក្នុងការប្រមូលចំណូលសេវា នៅការិយាល័យច្រកចេញ-ចូលតែមួយរបស់ខណ្ឌឫស្សី កែវបានជួបបញ្ហាប្រឈមមួយចំនួនដូចជា៖ វិស័យសេវាចំនួន៥ ដែលទទួលបានចំណូលតិចបណ្ដាលមកពីប្រតិភូកម្មមានកម្រិតតូចដូចជា វិស័យទេសចរណ៍ វិស័យវប្បធម៌ វិស័យពាណិជ្ជកម្ម វិស័យអប់រំ ជាក់ស្ដែង ដូចជាវិស័យពាណិជ្ជកម្ម មានទំហំត្រឹម៥ម៉ែត្រការ៉េជាដើម ចំពោះវិស័យកសិកម្មទទួលបានចំនួន២តែប៉ុណ្ណោះដោយសារទំហំប្រតិភូកម្ម ក្នុងកម្រិតតូចដោយមន្ត្រីជួរក្រោយ មិនអាចអនុវត្តន៍បាន។ ជាងនេះទៅទៀតនោះ វិស័យរ៉ែ និងថាមពលជាវិស័យមួយ ក្នុងចំណោមវិស័យទាំង១៣ ដែលថ្នាក់ជាតិបាន ប្រតិភូកម្មមកថ្នាក់ក្រោមជាតិ គឺរិតតែមិនអាចអនុវត្តន៍បាន។

ជាមួយគ្នានោះ លោកអភិបាលរងបានសំណូមពរ ដោយស្នើសុំថ្នាក់ជាតិ ពិចារណាប្រតិភូកម្មទំហំសេវាដល់ថ្នាក់ក្រោមជាតិ ដើម្បបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ទៅតាមសម័យកាលទំនើប ក្រោមប្រមុខដឹកនាំដោយគតិបណ្ឌិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្នើសុំអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ដើម្បីបើកវគ្គពង្រឹងបន្ថែមសមត្ថភាពមន្ត្រីជួរមុខ និងមន្ត្រីជួរក្រោយដើម្បីដំណើរការ ដោយភាពរលូនព្រមទាំងទទួលបានជោគជ័យ ក្នុងការផ្ដល់សេវា និងប្រមូលសេវាប្រកបដោយតម្លាភាព និងគនេយ្យភាពផងដែរ៕