(ភ្នំពេញ)៖ លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងភរិយា រួមជាមួយមន្រ្តីសាលាខណ្ឌជាច្រើននាក់ទៀត នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ បាននាំយកទៀនវស្សា គ្រឿងឧបភោគបរិភោគ សំភារៈបរិក្ខា និងបច្ច័យមួយចំនួន ដែលជាអំណោយ របស់លោក​ ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ទៅប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្ត​៤ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។

 វត្តទាំង៤ ដែលលោកអភិបាលខណ្ឌ នាំយកទៀនវស្សា គ្រឿងឧបភោគបរិភោគ សំភារៈបរិក្ខា និងបច្ច័យ ទៅប្រគេនជូននេះរួមមាន វត្តធុតង្គចំការដូង វត្តសំបួរមាស វត្តទួលសំរោង និង ត្តជ្រោយបទុម(ហៅវត្តព្រែកជ្រៃ) ដែលក្នុង១វត្តៗទទួលបាន​ ទៀនព្រះវស្សា១គូរ  សាដក១កញ្ចប់ ប្រេងម៉ាស៊ូត៣០លីត្រ ស្ករស១បាវ ទឹកដោះគោ១កេស ទឹកក្រូច៣កេស ទឹកសុទ្ធ៣កេស មី២កេស និងបច្ច័យ ២០ម៉ឺនរៀល​។

ដោយឡែកលោក វើក សាមឿន ចៅសង្កាត់ដង្កោ បានចូលបច្ច័យបន្ថែមដល់វត្តទាំង៤ ក្នុង១វត្តៗ ​២០ម៉ឺនរៀលផងដែរ។

​លោក នុត ពុធដារ៉ា បាន​លើកឡើងថា ប្រពៃណីព្រះពុទ្ធសាសនា ដែលនៅក្នុងពិធី បុណ្យចូលព្រះវស្សា ពុទ្ធបរិស័ទតែងតែនាំយក ទៀនវស្សា គ្រឿងឧបភោគបរិភោគ និងសម្ភារបរិក្ខា ជាច្រើន ទៀតទៅប្រគេនព្រះសង្ឃ នៅតាមបណ្តាលវត្តនានាដើម្បីផ្គត់ផ្គង់ដល់ ព្រះសង្ឃ ព្រោះនេះជារដូវវស្សាដែលជា រដូវមួយសំបូរទឹកភ្លៀង ដែលព្រះសង្ឃមានការលំបាកនិមន្តបិណ្ឌបាត្រ និងម៉្យាងទៀតរដូវនេះ ក៏ជាពេលវេលាមួយ ដែលព្រះសង្ឃគង់នៅក្នុងវត្ត ដើម្បីសិក្សារៀនសូត្រព្រះធម៌។

បន្ថែមពីនេះ ព្រះគ្រូគន្ធធុតុង្គ សឿ ហេង ចៅអធិការវត្តធុតុង្គចំការដូង ក្នុងនាមព្រះសង្ឃគណៈកម្មាធិការវត្ត និងពុទ្ធិបរិស័ទ ចំណុះ ជើងវត្តទាំង៤ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអភិបាលខណ្ឌ មន្តី្រសាលាខណ្ឌ ដែលបាននាំយកអំណោយ មកផ្គត់ផ្គង់ដល់ព្រះសង្ឃនាពេលនេះ ហើយនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ ព្រះសង្ឃ សម្រាប់គង់ស្នាក់នៅ និងសិក្សារៀនសូត្រធម៌អាថ៌ ក្នុងរដូវចូលព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមា តាមពុទ្ធានុញ្ញាតិ។

ជាចុងក្រោយ លោកអភិបាលខណ្ឌ ក៏បានលើកឡើង ពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលការរីកចម្រើននេះគឺមិនអាចកាត់ផ្តាច់ បានពីវិស័យពុទ្ធចក្រ ដែលជានិច្ចកាលវិស័ពុទ្ធចក្រ​ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា ដើម្បីកសាងប្រទេសជាតិយើងឲ្យបានរីកចម្រើន ជាលំដាប់។

សូមបញ្ជាក់ថា លោកអភិបាលខណ្ឌ និងក្រុមគ្រួសារ រួមជាមួយមន្រ្តីក្នុងសាលាខណ្ឌ តែងតែនាំយកនៅទៀនវស្សាគ្រឿង ឧបភោគបរិភោគ និងគ្រឿងសម្ភារៈបរិក្ខាមួយចំនួន ទៅប្រគេនតាមបណ្តាលវត្តនានានៅក្នុងខណ្ឌ ដើម្បីរួមចំណែកសម្រាលការខ្វះខាត របស់ព្រះសង្ឃក្នុងវត្តជារៀងរាល់ឆ្នាំ៕