(ភ្នំពេញ)​៖ ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ បានប្រកាសឲ្យជនជាតិបារាំង និងមិត្តនៃប្រទេសបារាំងទាំងអស់ អញ្ជើញទៅវិទ្យាស្ថានបារាំង នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៥ ខែកក្កដានេះ ដើម្បីស្មិងស្មាធិ៍រម្លឹក​គោរពវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះដែលបានស្លាប់ នៅក្នុងការអំពើភេរវកម្មដោយ បើករថយន្តបុកសម្លាប់នៅទីក្រុង​ នីស ប្រទេសបារាំង។

ស្ថានទូតបារាំងបានសរសេរយ៉ាងដូច្នេះថា៖ «បន្ទាប់ពីមានព្រឹត្តិការណ៍នៅទីក្រុង Nice ដែលធ្វើអោយប្រទេសបារាំងស្ថិត ក្នុងមរណទុក្ខសាជាថ្មី សូមជនជាតិបារាំង និងមិត្តនៃប្រទេសបារាំង​ទាំងអស់អញ្ជើញទៅ វិទ្យាស្ថានបារាំងនៅកម្ពុជាវេលាម៉ោង៦ល្ងាច ថ្ងៃទី១៥ ខែកក្កដានេះ ដើម្បីស្មិងស្មាធិ៍រម្លឹកដល់ជនរងគ្រោះ»

A la suite des événements de Nice qui ont, à nouveau, endeuillé notre pays, nos compatriotes et les amis de la France sont invités à se rendre, ce vendredi 15 juillet à 18 heures, à l’Institut français pour observer un moment de recueillement à la mémoire des victimes.

ក្រសួងមហាផ្ទៃបារាំង បានប្រកាសឲ្យដឹងនៅមុននេះបន្តិចថា ចំនួនអ្នកស្លាប់នៅក្នុងករណីបើករថ​យន្តបុករះនៅទីក្រុង Nice បានកើនឡើងដល់ ៨៤នាក់ ខណៈមន្ត្រីសុខាភិបាលបារាំងប្រកាសស្វែងរក​អ្នក​បរិច្ចាគឈាម។ នេះបើយោងតាមការចេញផ្សាយ Update របស់ BBC នៅមុននេះបន្តិច។

ប្រធានាធិបតីបារាំង លោក Francois Hollande បានបញ្ជាក់ថា អ្នកបើកបរ​រថយន្តធុនធំបុករះ ស្លាប់មនុស្ស ៨០នាក់ និងរបួសជាង ១០០នាក់ នៅទីក្រុងនីស ត្រូវបាន​បាញ់សម្លាប់ បន្ទាប់ពីមានការបាញ់​​តប​តជាមួយនឹងប៉ូលិស។​ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP ចេញផ្សាយ Update នៅ​មុននេះបន្តិច៕