(ប៉េកាំង)៖ ទីបំផុតប្រទេសចិនបានទទួលការគាំទ្រជាផ្លូវការពីប្រទេសឡាវ បន្ថែមទៀតទៅលើការបដិសេធសេចក្តី សម្រេចរបស់តុលាការអន្តរជាតិ ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ជាមួយនឹងប្រទេសហ្វីលីពីន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១៦។

ការលើកឡើងខាងលើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ASEM នៅក្នុងទីក្រុងអ៊ូឡង់បាទ័រ របស់ប្រទេស ម៉ុងហ្គោលី ដែលបណ្តាប្រទេស អាស៊ី និងអឺរ៉ុបជាច្រើនកំពុងមានវត្តមានចូលរួម។ លោក លី ខៃជាង នាយករដ្ឋមន្ត្រីចិន ដែលកំពុងចូលរួមកិច្ចប្រជុំនោះដែរ បានជួបជាមួយសមភាគីឡាវលោក Thongloun Sisoulith និងបានទទួល លទ្ធផលដ៏គួរឲ្យរីករាយដូចខាងលើនេះ។

លោក លី បានលើកឡើងក្នុងឱកាសនោះថា «ប្រទេសចិន នៅតែប្រកាន់ជំហររបស់ខ្លួនមិនផ្លាស់ប្តូរ ជុំវិញករណី ជម្លោះសមុទ្រចិនខាងត្បូងជាមួយហ្វីលីពីន»។ ដោយឡែកលោក Thongloun នាយករដ្ឋមន្ត្រីឡាវ បានថ្លែងផងដែរ ថា «ប្រទេសឡាវ គាំទ្រជំហររបស់ចិន ហើយនឹងត្រៀមរួមការងារជាមួយចិនក្នុងការ រក្សាសន្តិភាព និងស្ថិរភាព នៅតំបន់សមុទ្រចិនខាងត្បូង»។

ជុំវិញបញ្ហានេះដែរ សារព័ត៌មាន Reuters បានព្យាយាមសាកសួររដ្ឋន្ត្រីការបរទេសឡាវ ប៉ុន្តែមិនបានទទួល ចម្លើយនោះឡើយ ខណៈសារព័ត៌មានឡាវនានាក៏មិនបានលើកឡើងពីការនិយាយរបស់នាយករដ្ឋមន្ត្រីខ្លួននោះដែរ។ អ្វីដែលគ្រប់គ្នាដឹងនោះ គឺប្រទេសឡាវនិងចិន ជាអ្នកជិតខាងល្អបំផុតជាមួយគ្នា ដែលកន្លងមកមានការពង្រឹងនិង ពង្រីកទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងនយោបាយឥតឈប់ឈរ៕