ប្រធានាធិបតីបារាំង បញ្ជាក់ថា អ្នកបើកបររថយន្តបុករះស្លាប់មនុស្ស ៨០នាក់ និងរបួសជាង ១០០នាក់នោះ ត្រូវបានបាញ់សម្លាប់ (Video inside)
15-07-2016 09:56
(បារាំង)៖ ប្រធានាធិបតីបារាំង លោក Francois Hollande បានបញ្ជាក់ថា អ្នកបើកបររថយន្តធុនធំបុករះ ស្លាប់មនុស្ស ៨០នាក់ និងរបួសជាង ១០០នាក់ នៅទីក្រុងនីស ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីមានការបាញ់តបតជាមួយនឹងប៉ូលិស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP ចេញផ្សាយ Update នៅមុននេះបន្តិច។
ប៉ូលិសបានបញ្ជាក់ថា អ្នកបើករថយន្តនោះ ត្រូវបានប៉ូលិសស្គាល់អត្តសញ្ញាណហើយ គឺជនជាតិទុយនេស៊ី វ័យ៣១ឆ្នាំ ប៉ុន្តែឈ្មោះនោះ នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយនោះទេ។
ប្រធានាធិបតីបារាំង លោក ហូឡង់ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៣ខែ ក្រោយវាយប្រហារភេរវកម្ម បើករថយន្តបុកសម្លាប់មនុស្សនៅទីក្រុង នីស ដែលកើតឡើងចំថ្ងៃ បុណ្យជាតិដ៏ធំរបស់បារាំង។ អ្នកស្លាប់ក្នុងហេតុការណ៍នេះក៏មានក្មេងផងដែរ។
សូមជំរាបថា ទីក្រុងនីស របស់បារាំងនេះក៏មានប្រជាពលរដ្ឋខ្មែរ រស់នៅមួយចំនួនធំដែរ៕