(តាកែវ)៖ មន្រ្តីជលផល និងយោធា នៅស្រុកបូរីជលសារ ខេត្តតាកែវ នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ បានចុះទៅបង្ក្រាបសកម្មភាពទូកនេសាទ ពីសំណាក់ជនជាតិវៀតណាម ដែលចូលមកធ្វើការនេសាទខុសច្បាប់ នៅភូមិសង្គមថ្មី ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ រហូតមានការបាញ់ប្រហារ សង្ស័យមានអ្នករបួស និងស្លាប់ទៀតផង។

សេចក្តីរាយការណ៍ពីអាជ្ញាធរស្រុកបូរីជលសារ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះថា នៅយប់មិញមន្រ្តីជលផល យោធា អមដោយប្រជាពលរដ្ឋនាំផ្លូវ បានចុះល្បាត និងត្រួតពិនិត្យមើលសកម្មភាពនេសាទខុសច្បាប់ ពេលនោះស្រាប់តែឃើញទូកជនជាតិវៀតណាម ១០ទូកចូលមកនេសាទខុសច្បាប់។

ក្រោយឃើញសកម្មភាពទាំងនេះ ខាងកម្លាំងសមត្ថកិច្ច បានហាមឃាត់ ប៉ុន្តែត្រូវបានជនជាតិវៀតណាមទាំងនោះ ប្រើឧបករណ៍ឆក់មកលើមន្រ្តីរបស់យើង រហូតយោធា បាញ់ប្រហារ បណ្តាលឲ្យរបួសម្នាក់ រួចឈានទៅដល់ការចាប់ខ្លួនតែម្តង។

លុះព្រឹកឡើងខាងភាគីវៀតណាម បានប្រាប់មកភាគីកម្ពុជាថា ជនជាតិរបស់ពួកគេស្លាប់២នាក់ទៀត។ យ៉ាងណាក៏ដោយ អាជ្ញាធរស្រុកបូរីជលសារ មិនទាន់ហ៊ានបញ្ជាក់ថា មានអ្នកស្លាប់នោះឡើយ ដោយរង់ចាំសួរនាំបន្តទៀត តែសម្រាប់អ្នករបួសនោះ គឺមានមែន ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ។

ជាមួយគ្នានេះខាងមន្រ្តី និងពលរដ្ឋកម្ពុជា ក៏រងរបួសផងដែរ ក្រោយពីជនជាតិវៀតណាមទាំងនេះ បានប្រើឧបករណ៍ឆក់។