(វៀងច័ន្ទ-ឡាវ)៖ ផែនការអាជីវកម្ម ត្រូវបានសហគ្រិនភាគច្រើន ស្គាល់ពីសារៈសំខាន់ និង​តែងរៀបចំ​មុន និង​ពេលប្រកបអាជីវកម្ម។ ដើម្បី​ពង្រឹងកិច្ចសហប្រតិបត្តិការ ​​ក្នុងតំបន់ជាពិសេស​លើកកម្ពស់ការបណ្តុះបណ្តាល សហគ្រាសខ្នាតតូច និង​មធ្យម វិទ្យាស្ថានសហប្រតិបត្តិធនធានមនុស្ស​ឡាវ-ជប៉ុន ​បានផ្តួចផ្តើម​ការប្រកួតប្រជែង លើផែនការ អាជីវកម្មថ្នាក់តំបន់លើកដំ​បូង ដែលមាន​ប្រទេសចំនួន៣ គឺកម្ពុជា, ថៃ និង​ឡាវ ចែកជា​១២ក្រុម ដែលឆ្លងកាត់ការជ្រើសរើស និង​បណ្តុះបណ្តាល តាមបណ្តាលប្រទេសនីមួយៗ។

កម្មវិធីនេះ​ត្រូវបានរៀបចំឡើងនៅ​ទីក្រុងវៀងច័ន្ទ សាធារណៈរដ្ឋ​ប្រជាមានិតប្រជាធិបតេយ្យ​ឡាវ ​នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៦ ជាលទ្ធផល​ប្រទេសកម្ពុជា បានទទួលជយលាភីពានថ្នាក់លេខ១ និង​ថ្នាក់លេខ២ ចំពោះជ័យលាភីថ្នាក់លេខ៣ គឺបានទៅលើប្រទេសថៃ។

រំលឹកពី​ថ្ងៃប្រកួតប្រជែងកាលពីម្សិលមិញ រយៈពេល ១២ម៉ោងនាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ គណៈកម្មាធិការដែលមាន តំណាង​​ប្រទេសកម្ពុជា១រូប, ប្រទេសថៃ ១រូប, ​ប្រទេសឡាវ១រូប, តំណាង JETRO ១រូប, តំណាងគម្រោង JICA ប្រទេសជប៉ុន ១រូប បានវាយតម្លៃយ៉ាងយកចិត្តទុកដាក់ សុក្រឹតភាព យុត្តិធម៌ និង​​បានផ្តល់​យោបល់ដ៏មានតម្លៃ​ដែលជាធាតុចូលសម្រាប់ក្រុមនីមួយៗ កែលម្អនូវចំណុចខ្វះខាត និងលើក​ទឹកចិត្តដល់ក្រុមទាំងអស់ចូលរួម ក្នុងអាជីវកម្មនាពេលបច្ចុប្បន្ន និង​អនាគត​ដើម្បី​អភិវឌ្ឍ​​សេដ្ឋកិច្ចតំបន់ និង​សហប្រតិបត្តិការអន្តរជាតិ ​ក្រោមស្មារតីសហការគ្នា ទោះបី​ជា​មកពីប្រទេស​ផ្សេងៗ គ្នាប៉ុន្តែស្ថិតក្នុងតំបន់តែមួយ។

ក្រោមការវាយតម្លៃប្រកបដោយជំនាញ របស់គណៈកម្មាធិការ ដែលមានប្រវត្តិចេញពី​ម្ចាស់អាជីវកម្ម ធនាគារ ជំនាញការ និង​អ្នកបច្ចេកទេសបណ្តុះបណ្តាល អាជីវកម្មបាន​សម្រេច​ប្រគល់ជ័យលាភីចំណាត់ថ្នាក់​ ពានលេខ១ ជូនក្រុមក្រុមប្រទេសកម្ពុជាឈ្មោះថា Healthogo ដែលមានលោក សាំង តារារស្មី ដែលលោកមានបទពិសោធន៍ លើវិស័យសុខាភិបាល ហើយក្នុងផែនការ​អាជីវកម្មនេះ លោកបានរៀបចំជាកម្មវិធី APP សម្រាប់ដោះស្រាយបញ្ហាលើតម្រូវសេវាសុខាភិបាល ខាងក្នុងនិងក្រៅប្រទេស។

ចំណែកចំណាត់ថ្នាក់ពានលេខ២ ជូនក្រុមប្រទេសកម្ពុជាឈ្មោះថា Fast Pay Cambodia ដែលមាន​លោក​ ងន់ ម័រ និង​លោក ម៉េង ហាន់ ដែលលោកទាំងពីរ មានបទពិសោធន៍លើ វិស័យព័ត៌មានវិទ្យាជាច្រើនឆ្នាំ ដែលមានគំនិតផ្តួចផ្តើម បង្កើតប្រព័ន្ធទូទាត់ E-payment នៅកម្ពុជាដោយ​សាកល្បងរៀបចំនៅទីធ្លាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មុនគេសម្រាប់​កន្លែងចំណត អាហារដ្ឋាន និង​បណ្ណាល័យ ទោះបីសេវាកម្មនេះ​ត្រូវបានប្រទេសជាច្រើន បានប្រើប្រាស់រួចហើយក្តី ​ប៉ុន្តែសេវាកម្មនេះ​ប្រាកដជាមានអត្ថប្រយោជន៍ជំរុញ វិស័យពាណិជ្ជកម្មតាមរយៈ អេឡិចត្រូនិចនាពេលអនាគត។

ដោយឡែកចំពោះចំណាត់ថ្នាក់ពានលេខ៣ ជូនក្រុម ELECTRIFYING RURAL MYANMAR ដែលមានលោក Vinodh Gopal ប្រទេសថៃ ក្នុងផែនការអាជីវកម្មនេះ​លោកចង់ផ្គត់ផ្គង់អគ្គីសនី នៅជនបទក្នុង​ប្រទេសមីយ៉ាន់ម៉ា។

ក្រោមការខិតខំជាច្រើនខែ ក្នុងការបណ្តុះបណ្តាលរបស់វាគ្មិន និងគ្រូឧទ្ទិសនាមរបស់កម្ពុជា មានដូចជាលោក សោម សម្បត្តិ អគ្គនាយក Campaint លោក យន ម៉ាលឹមឆេង មន្រ្តីជំនាញ ក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការដំណាងប្រទេសកម្ពុជា លោក​ ឌិន សុមេធារិទ្ធ ប្រធានក្រុមហ៊ុន Frangipani Villa Hotel Group អ្នកដឹកនាំឈ្មោះ អៀង សុវត្ថិ និង Ms. Nadamoto ដែលអញ្ជើញមកពី Cambodia-Japan Cooperation Center ដែលស្ថិតក្រោមសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង​ក្រសួងអប់រំយុវជន និងកីឡា។

សិស្ស និស្សិត​ អាចចូលរួមប្រកួតប្រជែងកម្មវិធីនេះ នៅឆ្នាំក្រោយៗ ដោយ​អញ្ជើញមកទាក់ទងនៅ​ CJCC ដើម្បី​ទទួលការបណ្តុះបណ្តាល, ​ប្រកួតប្រជែង​ដើម្បីមោទនភាពជាតិ និង​ក្លាយជាសហគ្រិន​សម្រាប់កម្ពុជា​នាពេលអនាគត៕