(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ អមដោយមន្ត្រីជំនាញក្រោមឱវាទសាលារាជធានី បានអញ្ជើញចុះពិនិត្យការដ្ឋាន ស្ថាបនាស្ថានីយ៍បូមទឹកទួលគោកទី១ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ចំណុចភ្លើងស្តុបត្រឡោកបែក និងធ្វើដំណើរដោយថ្មើរជើង សួរសុខទុក្ខប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើង រហូតដល់ស្ថានីយ៍បុរី១០០ខ្នង ក្នុងការរកច្រកបើកផ្លូវ ដើម្បីគ្រឿងចក្រកាយប្រឡាយ បើកមុខទឹកឲ្យហូរបានលឿនផងដែរ។

មន្ត្រីសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ពេលនេះការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹកទួលគោកទី១ បានដំណើរការចាក់បេតុងកម្រាលក្រោមតួស្ថានីយ៍ បណ្តោយ១៧.៥ម៉ែត្រ ទទឹង១៣.៥ម៉ែត្រ កម្រាស់ ០.៥ម៉ែត្រ បរិមាណបេតុង ១២០ម៉ែត្រគូប លទ្ធផលជារួមបានប្រមាណ៥០%ហើយ និងគ្រោងបញ្ចប់ នៅអំឡុងខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។

លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការបានបញ្ជាក់ថា ស្ថានីយ៍បូមទឹកទួលគោកទី១នេះ ត្រូវបំពាក់ម៉ូទ័របូមទឹក ដែលមានសមត្ថភាពបូម៥ម៉ែត្រគូបក្នុង១វិនាទី។ បន្ទាប់ពីស្ថាបនារួច អាចរំដោះទឹកចេញពីតំបន់ទួលគោក ត្រឡោកបែកសរុបផ្ទៃដី១៨៤ហិកតា ឬអាចនិយាយបានថា អាចរំដោះទឹកពីតំបន់ត្រឡោកបែក ហូរកាត់ទំនប់ភ្នំពេញ ចាក់ទៅទំនប់កប់ស្រូវភាគខាងលិច រាជធានីភ្នំពេញតែម្តង ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ការរៀបចំប្រព័ន្ធប្រឡាយបាក់ទូក ដែលជាប្រព័ន្ធមួយដ៏មានសារសំខាន់ សម្រាប់រំដោះទឹកនៅទីក្រុងភ្នំពេញ ជាការពិតយើងបានជួបរង នូវផលប៉ះពាល់​ជំនន់ទឹកភ្លៀង ជារៀងរាល់ឆ្នាំ នៅរាជធានីភ្នំពេញ។ បើតាមអ្នកបច្ចេកទេស ចាំបាច់ត្រូវបង្កើនសមត្ថភាពប្រព័ន្ធលូ ដើម្បីទឹកសំណល់ចេញពីតាមផ្ទះ ជាមួយទឹកភ្លៀងចេញពីតំបន់ក្នុងក្រុង។ យើងត្រូវពិនិត្យប្រព័ន្ធនាំទឹកនេះ តាមក្រវាត់ទាំង៣របស់សាលារាជធានីភ្នំពេញ ។

លោកអភិបាលលើកឡើងទៀតថា មូលហេតុសំខាន់ ដែលធ្វើឲ្យលិចទីក្រុងភ្នំពេញ គឺបណ្តាលមកពីប្រព័ន្ធប្រឡាយទាំងអស់ តាមក្រវាត់ក្រុង ត្រូវរងការរំលោភដោយប្រជាជនចាក់ដី លុបប្រឡាយ សង់លំនៅឋានរស់នៅ ហើយចោលសំរាមកកពេញប្រឡាយ ធ្វើឲ្យប្រព័ន្ធប្រឡាយនេះ គ្មានលទ្ឋភាពនឹងនាំទឹកចេញបាន ។

លោកអភិបាលរាជធានីថ្លែងទៀតថា មិនមែនត្រឹមតែស្ថានីយ៍បូមទឹកទួលគោកទី១នេះទេ នៅមានប្រឡាយបាក់ទូក ប្រឡាយស្ទឹងមានជ័យ បឹងសាឡាង ប្រឡាយបឹងត្របែក ក៏សាលារាជធានីបាននិងកំពុងស្តារ អោយទាន់នៅរដូវប្រាំងនេះ ។ នៅក្នុងនោះក៏មានរងផលប៉ះពាល់បងប្អូន ប្រជាពលរដ្ឋយើងខ្លះ ប៉ុន្តែបងប្អូននៅតាមដងប្រឡាយនេះ គាត់យល់ ហើយគាត់បានសហការ ជាមួយនឹងអាជ្ញាធរយើង នៅក្នុងការបើកផ្លូវនេះ ដើម្បីបានស្តារប្រឡាយ បានមួយចំហៀង។

ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនដែលរស់ តាមមាត់ប្រឡាយនេះថា ការធ្វើរបស់អាជ្ញាធរ មិនមែនដើម្បីផលប្រយោជន៍របស់បុគ្គលណាមួយទេ ជាផលប្រយោជន៍សាធារណៈ។ កាលណាយើងធ្វើបានប្រឡាយនេះ វាមិនគ្រាន់រំដោះទឹកទីក្រុងភ្នំពេញប៉ុណ្ណោះទេ តែប្រឡាយនេះមានលទ្ឋភាព និងអន្តរាគមន៍ស្តារជារៀងរាល់ឆ្នាំ ហើយធ្វើឲ្យលំហូរទឹកនេះ កាត់បន្ថយការលិចលង់តំបន់ខាងជើងរាជធានី ហើយក៏អាចកាត់បន្ថយក្លិនឆួលអាក្រក់បាន នៅពេលទឹកហូរ តែបើទុកទឹកនេះ មិនអោយហូរ គឺអ្នកនៅជុំវិញនេះ នឹងរងផលប៉ះពាល់ បរិស្ថានធ្ងន់ធ្ងរណាស់។

ទន្ទឹមនឹងនេះ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ប្រឡាយដោយ បង្ហាញភាពម៉ត់ចត់ថា បន្ទាប់ពីសាលារាជធានី និងមន្ទីរជំនាញ រៀបចំប្រឡាយធ្វើផ្លូវរួច ហើយដីដែលនៅសល់ពីតម្រូវការជាផលប្រយោជន៍សាធារណៈនេះ បងប្អូននឹងទទួលបានផលប្រយោជន៍ នៃការចូលរួមរបស់ បងប្អូនជាមួយសាលារាជធានីភ្នំពេញ ដោយតបស្នងទៅវិញ លោកនឹងធ្វើ ប័ណ្ណកម្មសិទ្ឋិជូនបងប្អូនស្របច្បាប់តែម្តង ។ អីចឹងហើយក្នុងផែនការរបស់សាលារាជធានីភ្នំពេញ អាចនិយាយបានថា លទ្ឋភាពឆ្លើយតបបាន ទាំងស្រុងពីការជន់លិចនេះ  ៕