(ភ្នំពេញ)៖ លោកយាយម្នាក់ដែលមានជីវភាពក្រីក្រ ហើយមានជម្ងឺប្រេះឆ្អឹងយ៉ាងធ្ងន់ធ្ងរ ស្នាក់នៅបន្ទប់ជួលសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានជួយចំណាយ លើការព្យាបាលទាំងស្រុង ព្រមទាំងការជួយឧបត្ថម្ភថវិកា និងអំណោយជាច្រើនផងដែរ។

នៅរសៀលថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១៦ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ក្រោយដឹងពីស្ថានភាពជម្ងឺ លោកយាយនោះ លោកក៏ បានរាយការណ៍លោកស្រី ពេជ​ ចន្ទមន្នី ហ៊ុន ម៉ាណែត ជាអនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះមកជួយព្យាបាលជម្ងឺដោយមិនគិតថ្លៃជូនគ្រួសារលោកយាយ ជាបន្ទាន់ផងដែរ។

ជាមួយគ្នានេះ អភិបាលបានផ្ញើជាថវិកាតាម ចលនាមហាជនខណ្ឌពោធិ៍សែនជ័យ ចំនួន៥០ម៉ឺនរៀលជូនដល់លោកយាយ ផងដែរ។

លោកយាយ អ៊ុំ បូមាន អាយុ៨៤ឆ្នាំ មានស្រុកកំណើតនៅឃុំកំពង់អុក ស្រុកពញ្ញាឮ ខេត្តកណ្តាល មានជីវភាពលំបាកក្រីក្រ តោកយ៉ាកគ្មានទីពឹង និងរើសអេតចាយចិញ្ចឹមចៅ៣នាក់៕