(ភ្នំពេញ)៖ ប៉ុស្តិ៍សុខភាពក្នុងមណ្ឌលអប់រំកែប្រែទី២ (ពន្ធនាគារ ព្រៃស) ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ឡើងវិញហើយ បន្ទាប់ពីជួសជុលកែលម្អរួចរាល់។ ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការឡើងវិញនូវប៉ុស្តិ៍សុខភាព សម្រាប់ជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២នេះ រៀបចំឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ (ICRC) បានសហការជួយជួសជុលកែលម្អឡើងវិញ។

ពីធីនោះមានការចូលពី ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងមានការចូលរួមផងដែរ ពីសំណាក់លោក បាត វើម៉ៃរ៉េន ប្រមុខបេសកកម្មប្រចាំនៅកម្ពុជា និងតំណាងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ក៏ដូចជាតំណាងមកពី អង្គការមួយចំនួនរបស់អង្គការសហប្រជាជាតិ ដែលជាដៃគូអភិវឌ្ឍន៍រួមមាន៖ អង្គការ AUA អង្គការ TPO អង្គការ CENAT អង្គការ NCHADS អង្គការ UNAID អង្គការ WHO អង្គការ UNODC និង UNOHCHR ក្រៅពីនោះក៏មានតំណាងចូលរួមមកពីនាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាលផងដែរ។  

លោក  បាត វើម៉ៃរ៉េន ប្រមុខបេសកកម្ម ICRC បានថ្លែងកោតសរសើរខ្ពស់ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការល្អជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការលើកកម្ពស់ សុខមាលភាពពលរដ្ឋ ទូទៅនៅតាមសហគមន៍ខាងក្រៅ រហូតដល់សុខភាពជនជាប់ឃុំ។ ពិតណាស់សេវាថែទាំសុខភាពជាសិទ្ធិមូលដ្ឋានរបស់ ពលរដ្ឋគ្រប់រូប ហេតុដូច្នេះវាជាកត្តាចាំបាច់ ដែលភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ត្រូវបានយកចិត្តទុកដាក់ និងពង្រឹងបន្ថែម។ ក្រៅពីនោះអភិបាលកិច្ចប្រកប ដោយតម្លាភាពក៏ត្រូវលើកទឹកចិត្ត និងជម្រុញបន្ថែមឲ្យ ក្លាយជាទម្លាប់ ការងាររបស់ភាគីពាក់ព័ន្ធផងដែរ។

លោក ចាន់ គីមសេង បានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូរវាង ICRC និងអគ្គនាយកដ្ឋានពន្ធនាគារ អស់រយៈកាលជាច្រើនឆ្នាំកន្លងមកនេះ ដែលរាល់អនុសាសន៍ល្អៗ ពីសំណាក់ ICRC ត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ យកមកដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្រ្ត របស់អគ្គនាយកដ្ឋានពន្ធនាគារ ជាពិសេសសំដៅគ្រប់គ្រងជនជាប់ឃុំប្រកបដោយ សន្តិសុខ សុវត្ថិភាព មនុស្សធម៌ និងសុខភាព។

លោកអគ្គនាយកបន្តថា សុខភាពស្រ្តី និងកុមារតាមម្តាយ នៅក្នុងពន្ធនាគារជាចំណុច មិនត្រូវមើលរំលង ដោយហេតុថាស្រ្តី និងកុមារងាយស្រួលទទួលជម្ងឺឆ្លង ដោយឳកាសផ្សេងៗណាស់ ទាំងអនាម័យ លក្ខខណ្ឌនៃការរស់នៅ ចំណីអាហារ និងបរិស្ថាន ហេតុដូច្នេះហើយការពង្រឹងសេវាថែទាំសុខភាព សម្រាប់ជនជាប់ឃុំជាស្រ្តី និងកុមារតាមម្តាយនេះឆ្លុះបញ្ចាំងពី ដំណើរវិវត្តវិជ្ជមាន ស្របតាមគោលនយោបាយ កំណែទម្រង់ពន្ធនាគារ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជាយើង៕