(ភ្នំពេញ)៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនសួរនាំភ្លាមៗ បន្ទាប់ពីរាយបង្កៃ ខ្សែភ្លើងដើម្បីឆក់សត្វកណ្ដុរ ក្នុងស្រែរបស់ខ្លួន បែរជាត្រូវឆក់មនុស្សបណ្ដាលឲ្យស្លាប់ យ៉ាងអាណោចអាធ័មទៅវិញ។

ប្រជាពលរដ្ឋបានប្រទះឃើញសពជនរងគ្រោះ នៅកណ្ដាលវាលស្រែ ដែលបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រហែល៦៖00នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុចកណ្ដាលវាលស្រែ ស្ថិតក្នុងភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ដោយមានការចូលរួមសហការ ត្រួតពិនិត្យជាក់ស្ដែងពីកម្លាំងនគរបាលការិយាល័យជំនាញ បច្ចេកទេសកោសល្យវិច្ច័យ បានសន្និដ្ឋានថា នេះជាអំពើឃាតកម្ម ពីព្រោះសាកសព ជនរងគ្រោះពិតជាបានស្លាប់ ដោយសារឆក់ខ្សែភ្លើង ដែលជនត្រូវសង្ស័យបានរាយខ្សែភ្លើងព័ទ្ធជុំវិញស្រែរបស់ខ្លួន ដើម្បីឆក់សត្វកណ្ដុរពិតប្រាកដមែន។

លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា ក្រោយពីពិនិត្យសាកសពជនរងគ្រោះ ប៉ុន្មានម៉ោងក្រោយកម្លាំងសមត្ថកិច្ចយើង បានស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនបុរសជាម្ចាស់ស្រែ ដែលបានបង្កៃខ្សែភ្លើងដើម្បី ឆក់សត្វកណ្ដុរបណ្ដាលឲ្យឆក់មនុស្សស្លាប់តែម្ដង។

លោក ឯក សេរីវុធ បានបន្តថា ជនរងគ្រោះដែលបានស្លាប់ បាត់បង់ជីវិតមានឈ្មោះ ថន ហុកសេង អាយុ៣៤ឆ្នាំ មានមុខរបរជាអ្នកបើកបរអេស្កាវ៉ាទ័រ ស្នាក់នៅក្រុម១៤ ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។ រីឯជនត្រូវសង្ស័យពាក់ព័ន្ធករណីឃាតកម្ម ជាម្ចាស់ស្រែមានឈ្មោះ ស៊ឹម វណ្ណា ហៅទូច ភេទប្រុស អាយុ៥២ឆ្នាំ មានមុខរបរជាកសិករ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលមូលដ្ឋានខណ្ឌជ្រោយចង្វារ សហការស្រាវជ្រាវដើម្បីស្វែងរកក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនត្រូវជាប់សង្ស័យបាន និងកំពុងបន្តសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ៕