(ភ្នំពេញ)៖ លោក ម៉ៃខល់ លែហ្គ (Michael Legge) ប្រធានកាកបាទក្រហមអូស្ត្រាលី បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងខ្លឹមសារនៃលិខិតនោះ បានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយ កាកបាទក្រហមកម្ពុជា រយៈកាលជាង២០ឆ្នាំកន្លងមកនេះ។

លោក ម៉ៃខល់ លែហ្គ បានសំដែងនូវមោទនភាពយ៉ាងក្រៃលែង ចំពោះកិច្ចសហប្រតិបត្តិការ រវាងកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមអូស្ត្រាលី ដែលបានផ្តល់នូវ សេចក្តីគោរព និងអត្ថប្រយោជន៍ ដល់គ្នាទៅវិញទៅមក តាមរូបភាពផ្សេងៗ ដោយបានផ្តោតលើសេចក្តីត្រូវការ របស់សមាគមជាតិទាំងពីរ។

ខណៈពេលដែលកាកបាទក្រហមអូស្ត្រាលី បានបិទការិយាល័យរបស់ខ្លួន នៅទីក្រុងភ្នំពេញ ក្នុងខែមិថុនាកន្លងទៅនេះ លោក ម៉ៃខល់ លែហ្គ បានបញ្ជាក់បន្ថែមថា កាកបាទក្រហមអូស្ត្រាលី នឹងនៅតែបន្តការគាំទ្ររបស់ខ្លួន ដល់កាកបាទក្រហមកម្ពុជា នៅក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងការស្តារឡើងវិញក្រោយគ្រោះ មហន្តរាយ។

សូមរំលឹកផងដែរថា កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមអូស្ត្រាលី បានប្រារព្ធពិធីអបអរសាទរសមិទ្ធផល និងភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការ រយៈពេល ២១ឆ្នាំ (១៩៩៥ - ២០១៦) រវាងសមាគមជាតិទាំងពីរ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពី Mr. Peter Walton នាយកកម្មវិធីអន្តរជាតិ នៃកាកបាទក្រហមអូស្ត្រាលី កញ្ញា ឡាក់ មុនីរស្មី តំណាងឲ្យសហព័ន្ធ អន្តរជាតិប្រចាំនៅកម្ពុជា កញ្ញា Claire Hallas ប្រធានកម្មវិធីសម្រាប់កម្ពុជា របស់កាកបាទក្រហមអូស្ត្រាលី ថ្នាក់ដឹកនាំ-មន្ត្រីកាកបាទក្រហមកម្ពុជា តំណាងគណៈកម្មាធិការ អន្តរជាតិកាកបាទក្រហម តំណាងកាកបាទក្រហមដាណឺម៉ាក តំណាងកាកបាទក្រហមស្វីស និងតំណាងស្ថាប័នដែលជាដៃគូរបស់កាកបាទក្រហមអូស្ត្រាលី សរុប ប្រមាណចំនួន៣០នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ៕⁠⁠⁠⁠