(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បង្ក្រាបជាក់ស្ដែង ករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបាន៨នាក់ និងដកហូតបានថ្នាំញៀន៣កញ្ចប់ ព្រមទាំងម៉ូតូ៣គ្រឿង បន្ទាប់ពីសហការល្បាត និងកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀប ដើម្បីរក្សាសន្តិសុខក្នុងមូលដ្ឋាននៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នៅត្រង់ចំណុច ទល់មុខផ្សារព្រែកលៀប តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ តែងតែដាក់គោលដៅឈរជើង យាមល្បាតពួនស្ទាក់ដោយសហការ និងកម្លាំងសមត្ថកិច្ចតាមបណ្ដាប៉ុស្ដិ៍នីមួយៗ ដើម្បីបង្កាទប់ស្កាត់រាល់បទល្មើស ក្នុងភូមិសាស្ត្រខណ្ឌ ជាពិសេសគោលដៅដែលចាំបាច់ គឺតាមបណ្ដោយផ្លូវជាតិលេខ៦តែម្ដង និងដើម្បីរក្សាសន្តិសុខសុវត្ថភាពផ្សេងៗ​ ដែលកើតមានខណៈយប់មិញនេះកម្លាំងនគរបាលយើង បានសហការបង្ក្រាបជាក់ស្ដែងនូវករណី ប្រើប្រាស់នូវសារធាតុញៀន ដោយបានឃាត់ខ្លួន ជនត្រូវសង្ស័យចំនួន៨នាក់ ជាបន្តបន្ទាប់និងរកឃើញដកហូតបានថ្នាំញៀន ជាប្រភេទម៉ាទឹកកក បានចំនួន៣កញ្ចប់តូច និងម៉ូតូ៣គ្រឿងដែលជនត្រូវសង្ស័យទាំងនោះ ជិះធ្វើសកម្មភាពផងដែរ។

លោក ឯក សេរីវុធ បានបញ្ជាក់ថា បច្ចុប្បន្ន ជនត្រូវជាប់ សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនទាំង៨នាក់ រួមជាមួយវត្ថុតាង ត្រូវបានឃាត់បន្តសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕