(សៀមរាប)៖ ជនជាតិអង់គ្លេសម្នាក់ ដែលបានរត់គេចពីការ​ចាប់ខ្លួន នៅប្រទេសកំណើត ហើយបានចូល​មកប្រទេសកម្ពុជា​នោះ ត្រូវបានកម្លាំង​នគរបាលរបស់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួង​មហាផ្ទៃ ស្វែងយកចាប់ខ្លួននោះ ពេលនេះត្រូវបានកម្លាំងការិយាល័យ​នគរបាលអន្តោប្រវេសន៍ ខេត្តសៀមរាប ចាប់ខ្លួនបានហើយ នៅយប់ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៦។

ដោយយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានអន្តប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបផងនោះ ទើប​លោក​វរសេនីយ៍ទោ ជា គឹមសាន ស្នងការរង និងជាប្រធានការិយាល័យកណ្ដាលអន្តោប្រវេសន៍ខេត្តសៀមរាប បានដឹកនាំកម្លាំងធ្វើការចុះឃាត់ខ្លួនជនសង្ស័យ នៅតំបន់ផប់ស្រ្ទីត(Pub Street) ដែលជនជាតិអង់គ្លេសរូបនេះ កំពុងអង្គុយផឹកស្រា នៅក្នុងហាង KHMER KITCHEN ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ ជា គឹមសាន ស្នងការរង បានឲ្យដឹងថា ក្រោយពីសួរនាំ ជនជាតិអង់គ្លេសរូបនេះប្រាប់ថា ខ្លូនឈ្មោះ MIDGLEY DAMIEN អាយុ៣៩ឆ្នាំ កាន់លិខិតឆ្លងដែន​ លេខ​: GBR508037703។

បច្ចប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលអន្តប្រវេសន៍ បញ្ជូនខ្លួនទៅកាន់មណ្ឌលត្រៀម​បណ្ដេញចេញ ប្រចាំព្រលានយន្តហោះអន្តរជាតិសៀមរាប របស់នាយកដ្ឋាន​ស៊ើបអង្កេតនីតិវិធី នៃអគ្គនាយក​ដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ អនុវត្តទៅតាមនីតិវិធីជាបន្ត៕