(តូក្យូ)៖ ព្រះបរមរាជវាំងជប៉ុន បានប្រកាសនៅមុននេះបន្តិចថា ព្រះចៅអធិរាជ Akihito មិនមានរាជបំណងណាមួយ ក្នុងការដាក់រាជ្យនោះទេ ហើយខ្លួនសូមច្រានព័ត៌មាននេះចោលទាំងស្រុងតែម្តង។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃម្សិលមិញនេះ ទូរទស្សន៍ NHK របស់ជប៉ុន ដែលអះអាងថាខ្លួនទទួលបានព័ត៌មានពី ប្រភពដ៏គួរឲ្យទុកចិត្តក្នុងរាជវាំងបានចេញផ្សាយថា ព្រះចៅអធិរាជដែលមានព្រះជន្ម៨២ព្រះវស្សាទៅហើយ នឹងធ្វើការដាក់រាជ្យ ក្នុងពេលឆាប់ៗខាងមុខនេះ ថ្វាយទៅព្រះរាជបុត្រារបស់ព្រះអង្គជាអ្នកស្នងរាជ្យបន្ត។

ចំពោះ សែរាជវង្សរបស់ព្រះចៅអធិរាជ Akihito នេះ បានបន្តមករយៈពេលជាង ២,៦០០ឆ្នាំមកហើយ ដោយឡែក សម្រាប់ការប្រកាសដាក់រាជក៏ មិនធ្លាប់កើតមាននោះដែរក្នុងរយៈពេល ២០០ឆ្នាំមកនេះ។ ប្រសិនបើជាការពិត មែននោះ វាប្រាកដជាកើតមាននូវក្តីតក់ស្លុតខ្លាំងសម្រាប់ប្រទេសជាតិជប៉ុនទាំងមូល ខណៈគ្រួសាររាជវង្ស ត្រូវបានចាត់ទុកជានិមិត្តរូបនៃស្ថិរភាព និង ភាពអមតៈនៃប្រជាជាតិជប៉ុនទាំងមូល៕