(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌព្រែកព្នៅ បង្ក្រាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យ ៤នាក់ជាបន្តបន្ទាប់និងដកហូត បានថ្នាំញៀន២កញ្ចប់ ព្រមទាំងម៉ូតូ២គ្រឿង នៅយប់ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុចស្ពានថ្មលើកំណាត់ផ្លូវជាតិ លេខ៥ ស្ថិតក្នុងភូមិព្រែកព្នៅ និងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកវិរសេនីយ៍ឯក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា កម្លាំងរបស់លោក បានបន្តសហការដាក់គោលដៅ យាមល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រ នៅម៉ោងប្រហែលជាង១២យប់ ស្រាប់តែបានប្រទះឃើញគួរឲ្យសង្ស័យទៅលើយុវជន២នាក់ ជិះបើកម៉ូតូ១គ្រឿង ម៉ាកស៊ុយសូគីលែ​ត ​ពាក់ស្លាកលេខ​ភ្នំពេញ​1FB-4535 ខណៈនោះកម្លាំងសមត្ថកិច្ច ក៏ឃាត់សួរនាំដើម្បីត្រួតពិនិត្យ បានរកឃើញថ្នាំជាប្រភេទម៉ាទឹកកក​១កញ្ចប់ ដែលជនត្រូវសង្ស័យបានរក្សាទុកនូវ និងខ្លួនបម្រុងយកទៅជក់ជាមួយគ្នា។

លោកអធិការ​ បានបញ្ជាក់ទៀតថា «នៅយប់ថ្ងៃខែឆ្នាំដដែល ម៉ោងប្រហែលជាជិត៣ទាបភ្លឺ កម្លាំងនគរបាលយើងបានបន្តឈានទៅ ឃាត់ខ្លួនជនត្រូវសង្ស័យ២នាក់បន្ថែមទៀត ដោយដកហូតបានថ្នាំញៀនពណ៌សថ្លា ជាប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ និងម៉ូតូ១គ្រឿង ម៉ាកគុប ​ពាក់ស្លាកលេខ​តាកែវ 1D-1131 ពីជនសង្ស័យដែល ជិះធ្វើសកម្មភាព យកគ្រឿងញៀនទៅប្រើប្រាស់​រួមគ្នាផងដែរ។

​លោកអធិការបានបន្តថា ជនសង្ស័យត្រូវឃាត់ខ្លួនបានទី១-ឈ្មោះ​ សន​ បញ្ញា​​ អាយុ២៣ឆ្នាំ​ ​ទី២-ឈ្មោះ ភន ផេត ​អាយុ២៣ឆ្នាំ​ ទី៣-ឈ្មោះ​ ឈុំ​ ភារៈ​ ​អាយុ២៣ឆ្នាំ​ និងទី៤-ឈ្មោះ​ថា​ វិន​ អាយុ២០ឆ្នាំ​។ បច្ចុប្បន្ន ជនសង្ស័យដែល​ឃាត់ខ្លួនបានទាំង៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានកសាងសំនុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕