(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានថ្លែងថា ក្រសួងកំពុងសិក្សា និងស្វែងរកគន្លឹះ ដោះស្រាយគម្លាតប្រាក់បៀវត្សរ៍របស់មន្រ្តីចូលនិវត្តន៍ ពោលធ្វើយ៉ាងណាឲ្យអ្នកចូលនិវត្តន៍មុនទទួលបាន ប្រាក់បៀវត្សរ៍ប្រហាក់ប្រហែល នឹងអ្នកចូលនិវត្តន៍ក្នុងពេលបច្ចុប្បន្ន។ 

លោក វង សូត បានថ្លែងដូច្នេះ ក្នុងពេលជួបសំណេះសំណាលការងារ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយលោកស្រី Felicidade de Sousa Guterres ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រលេស្តេ ប្រចាំនៅកម្ពុជា នាថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១៦។

លោក វង សូត បានថ្លែងថា សម្រាប់ប្រទេសកម្ពុជា បានឆ្លងកាត់របបជាច្រើន ជាពិសេសចាប់តាំងពីក្នុងរបបប៉ុលពតមកការរៀបចំ ប្រាក់បៀរវត្សរ៍ គឺបានអនុវត្តន៍ចាប់តាំងពីចំណុចសូន្យ ហើយបានបន្តឡើងប្រាក់បៀរវត្សរ៍នេះ ទៅតាមស្ថានភាពសេដ្ឋកិច្ច ទាំងមន្រ្តីរាជការ និងអ្នកចូលនិវត្តន៍។ ក្នុងនោះសម្រាប់អតីតយុទ្ធជន ក៏បានទទួលរបបប្រាក់ចូលនិវត្តន៍ខុសៗគ្នាផងដែរ ព្រោះអ្នកដែលចូលនិវត្តន៍ពីមុនៗ ដែលមានប្រាក់ខែទាប ការទទួលភាគរយប្រាក់ចូលនិវត្តន៍ក៏ទាប បើប្រៀបធៀបនឹងអ្នកទើបតែចូលនិវត្តន៍បច្ចុប្បន្ន ឃើញថាការទទួល ប្រាក់បៀវត្សរ៍នេះ មានលក្ខណៈខុសគ្នាផងដែរ ។

ជុំវិញបញ្ហានេះ លោករដ្ឋមន្រ្តី បានឲ្យដឹងទៀតថា ដើម្បីដោះស្រាយគម្លាតប្រាក់របបចូលនិវត្តន៍កុំឲ្យឃ្លាតឆ្ងាយពីគ្នាពេកនោះក្រសួងកំពុង សិក្សារស្វែងរកគន្លឹះដោះស្រាយសមហេតុសមផលណាមួយ ក្នុងវិធីចែករំលែកអ្នកដែលមានប្រាក់ខែទាបពីមុន ឲ្យទទួលបានប្រាក់របប ប្រហាក់ប្រែលគ្នា ដោយឲ្យខិតជិតរវាងអ្នកចូលនិវត្តន៍ពីមុន និងអ្នកចូលនិវត្តន៍ក្នុងពេលបច្ចុប្បន្ន។

លោក វង សូត បានបន្តថា ក្នុងនាមក្រសួង ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចាត់ទុកបញ្ហានេះ ជារឿងមួយដែលជាបន្ទុក របស់រាជរដ្ឋាភិបាលត្រូវផ្តល់ភាពកក់ក្តៅទៅលើមុខសញ្ញាទាំងអស់នោះ ប៉ុន្តែរឿងនេះក៏មិនអាចធ្វើបាននៅក្នុងរយៈពេលមួយខ្លីផងដែរ ព្រោះដោយសារទំហំនៃតម្រូវការថវិកា ត្រូវប្រើប្រាស់ច្រើន។

ក្នុងជំនួបនេះដែរ លោកស្រី Felicidade de Sousa Guterres បានលើកឡើងឲ្យដឹងផងដែរថា ទាក់ទិនអតីតយុទ្ធជន ប្រទេសទីម័រលេស្តេ ក៏ជួបនឹងបញ្ហាស្មុគស្មោញ ព្រោះទីម័រលេស្តេបានឆ្លងកាត់របបត្រួតត្រារបស់ឥណ្ឌូនេស៊ីអស់រយៈពេល២៤ឆ្នាំមក ក្នុងនោះក៏បានបែងចែក ជារណសិរ្សអ្នកតស៊ូក្នុងមូលដ្ឋាន រណសិរ្សអ្នកតស៊ូនៅក្រៅប្រទេស និងរណសិរ្សអ្នកតស៊ូជាទាហាននៅតាមព្រៃភ្នំផងដែរ ដែលបញ្ហាមួយ មានភាពស្មុគស្មាញ ក្នុងការរៀបចំប្រាក់របបគោលនយោបាយចូលនិវត្តន៍ជូនពួកគេទាំងនោះ៕