(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានវិភាគថា ឃាតកម្មលើ លោកបណ្ឌិត កែម ឡី មិនមែនទង្វើរបស់គណបក្សប្រជាជន ឬគណបក្សសង្រ្គោះជាតិនោះទេ ប៉ុន្តែជាទង្វើរបស់ជនទី៣ នៅក្រៅប្រទេសទៅវិញ។

នៅលើបណ្តាញសង្គម Facebook លោក សួន សេរីរដ្ឋា បានសរសេរយ៉ាងដូច្នេះថា «ឃាតកម្មលើលោក កែម ឡី វាមិនមែនជាទង្វើរបស់ គណបក្សប្រជាជនកម្ពុជា ហើយក៏វាមិនមែនជាទង្វើរបស់ គណបក្សសង្គ្រោះជាតិដែរ តែវាជាផែនការសម្លាប់របស់បាតដៃជនទី៣»។

ការអះអាងរបស់ប្រធានគណបក្សអំណាចខ្មែរ បានធ្វើឡើងបន្ទាប់ពី ក្រុមអ្នកវិភាគមួយចំនួន បានអះអាងថា ឃាតកម្មសម្លាប់បណ្ឌិត កែម ឡី គឺជារឿងនយោបាយ។ ជាមួយគ្នានេះគណបក្សនយោបាយធំៗ ក៏បានដាក់ការសង្ស័យគ្នាទៅវិញទៅមក ហើយចោទជាសំណួរថា តើនរណាទទួលផលប្រយោជន៍បំផុត ក្រោយមានឃាតកម្មនេះ?

លោក សួន សេរីរដ្ឋា បានលើកឡើងថា «ទោះបីជាក្រុមអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ភាគច្រើនទម្លាក់ការចោទប្រកាន់ទៅលើ បក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចថា ជាអ្នករៀបចំផែនការសម្លាប់លោក កែម ឡី ហើយម្ខាងទៀតក្រុមអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា កំពុងបង្វែរវាយបកចោទប្រកាន់ទៅខាងគណបក្សសង្គ្រោះជាតិ វិញថា ជាអ្នកនៅពីក្រោយខ្នង នៃអំពើឃាតកម្មលើលោក កែម ឡី ក៏ដោយ តែសម្រាប់ខ្ញុំ គឺនៅតែមើលឃើញខុសពីពួកគេ។ ខ្ញុំមើលឃើញថា ឃាតកម្មលើលោក កែម ឡី មានមូលហេតុ និងអ្នកនៅពីក្រោយខ្នង ខុសពីអំពើឃាតកម្មនយោបាយ លើអ្នកនយោបាយ និងសកម្មជនសង្គមមុនៗ។ ហើយខ្ញុំហ៊ាននិយាយដោយឥតខ្លាចរអារថា៖ គឺក្រុមបាតដៃទី៣ នៅក្រៅប្រទេស ដែលកំពុងរស់នៅ និងរកស៊ីក្នុងប្រទេសខ្មែរ ជាអ្នករៀបចំផែនការសម្លាប់លោក កែម ឡី»

សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ត្រូវបានឃាតកចូលបាញ់សម្លាប់ ខណៈលោកអង្គុយទទួលកាហ្វេនៅនៅក្នុង ស្តាម៉ាតនៃស្ថានីយ៍សាំងកាលតិចស្តុបបូកគោ កាលពីម៉ោង​៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក កែម ឡី ត្រូវបានឃាតកបាញ់ចំនួន២គ្រាប់ ដោយ១ចំក្បាល និងមួយគ្រាប់ទៀតចំដើមដៃធ្លាយទៅដល់ក្រោមដោះ បណ្តាលឱ្យស្លាប់​នៅកន្លែងកើតហេតុតែម្តង។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News នៅយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះថា កម្លាំងសមត្ថកិច្ចរបស់លោក មានវិដេអូរូប​ភាពពី Camera ដែលថតពីទិដ្ឋភាព នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅក្នុង Star Mart ស្ថានីយ៍ប្រេងកាល់តិចទាំងអស់នៅកន្លែងកើតហេតុ ទាំងទិដ្ឋភាពនៅខាងក្នុង និងនៅខាងក្រៅ តែវាមិនទាន់ដល់ពេលប្រាប់ និងបង្ហាញជាសាធារណ: ដល់មហាជន ក៏ព្រោះតែករណីឃាតកម្មនេះកំពុងស្ថិតក្រោមការស្រាវជ្រាវនៅឡើយ។

លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងនាពេលកន្លងទៅថា ករណីនេះសមត្ថកិច្ចបានមានពន្លឺជាច្រើន ដើម្បីស៊ើបអង្កេតលើអ្នកពាក់ព័ន្ធ និងអ្នកផ្សំគំនិតក្នុងការ​បាញ់សម្លាប់​លោកបណ្ឌិត កែម ឡី។

ដោយឡែកជនល្មើស ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាការព្រៃសផងដែរ៕