(បន្ទាយមានជ័យ)៖ ជនសង្ស័យជាបងប្រុសបង្កើត ក្នុងផ្ទៃពោះតែមួយ ហើយមានជម្ងឺសសៃប្រសាទទៀតនោះ បានយកដំបងដែកទីបវាយចំផ្នែកខាងក្រោយក្បាល ប្អូនប្រុសរបស់ខ្លួនជាមន្ដ្រីនគរបាលការពារព្រំដែន ខេត្តព្រះវិហារ ស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមយ៉ាងអាណោធអាធ័ម។

ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ លុះព្រឹកថ្ងៃទី១៣ ខែកក្កដានេះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅភូមិចាន់គីរី សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត ប្រាប់ភ្នាក់ងារ Fresh News ថា ជនសង្ស័យជាបងប្រុសដែលមានជម្ងឺសសៃប្រសាទឈ្មោះ ឡុង សំអឿន អាយុ៤២ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើនេះ រីឯប្អូនប្រុសបង្កើតស្លាប់មានឈ្មោះ ឡុង សំអូន អាយុ៣៨ឆ្នាំ ជាមន្ត្រីនគរបាលការពារព្រំដែនគោក​ ប្រចាំខេត្តព្រះវិហារ។

បើតាមការអះអាងពីម្តាយជនរងគ្រោះ បានប្រាប់ថា កូនប្រុសជាទីស្រឡាញ់របស់គាត់ បានទៅបំពេញភារកិច្ចជាមន្ត្រីនគរបាលការពារព្រំដែន អស់ជាច្រើនខែហើយ លុះល្ងាចម្សិលមិញនេះ កូនប្រុសបានមកដល់ផ្ទះ និងមិនទាន់បានក្តៅគូទផង ស្រាប់តែបងប្រុស (ជនសង្ស័យ) បានហៅប្អូនទៅក្រៅ តែពេលយប់ជ្រៅពេក គាត់បានបិតទ្វារផ្ទះដេក ដោយមិនបានដឹកពីហេតុការណ៍នោះឡើយ។

លុះព្រឹកឡើងបានបើកទ្វារ រួចហៅកូនប្រុស (រងគ្រោះ) មកញាំអាហារពេលព្រឹក តែមិនឆ្លើយសោះ ស្រាប់តែគាត់បានដើរទៅក្រោយផ្ទះ ក៏ឃើញកូនប្រុសរងគ្រោះ ដេកស្លាប់មិនដឹងតាំងពីពេលណាឡើយ។

ភ្លាមៗនោះសមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យ បានសន្និដ្ឋានថា សាកសពនេះត្រូវបានគេវាយចំផ្នែកខាងក្រោយក្បាល ជាច្រើនដំបងដែកទើបស្លាប់។

បច្ចុប្បន្នសមត្ថកិច្ច បានប្រគល់សាកសពរងគ្រោះទៅម្តាយ ធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យបានសមត្ថកិច្ចនគរបាលក្រុងចាប់ខ្លួនដើម្បី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ចាត់ការតាមច្បាប់៕