(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរិះគន់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ រឿងចោទប្រកាន់ រាជរដ្ឋាភិបាលកម្ពុជាថា ជាអ្នកនៅពីក្រោយខ្នងនៃឃាតកម្មបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី។ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជារូបនេះ បានចាត់ទុកថាការចោទប្រកាន់នេះ គឺជាការលាបដ៏ធ្ងន់ធ្ងរមួយ មកដល់រាជរដ្ឋាភិបាល ហើយថា លោក សម រង្ស៊ី ធ្វើនេះដើម្បីតែអំណាចផ្ទាល់ខ្លួនប៉ុណ្ណោះ។

លោក ផៃ ស៊ីផាន បានប្រាប់ Fresh News ថា «លោក សម រង្ស៊ី ជាអ្នកនយោបាយមាត់ដាច់ ភូតភរ ដើម្បីស្វែងរកអំណាចផ្ទាល់ខ្លួន មិនរន្ធត់ក្នុងការយកឈាមខ្មែរ​ ដើម្បីអំណាចផ្ទាល់នោះឡើយ ដែលលោកបានសរសរថា “ការបាញ់សម្លាប់លោក កែម ឡី ថ្ងៃនេះជាអំពើភេវរកម្មមួយទៀត រៀបចំដោយរដ្ឋអំណាច” នេះជាការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ»

សូមជំរាបថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានឃាតកម្មបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ នៅស្តាម៉ាតស្ថានីយ៍សាំងកាលតិចស្តុបបូកគោ ស្ថិតក្នុងខណ្ឌចំការមននោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហោះនៅលើទំព័រ Facebook របស់លោកថា «ករណីនេះត្រូវបានរៀបចំឡើងដោយរដ្ឋអំណាច»។ រហូតដល់ពេលនេះ ការចោទប្រកាន់នេះ កំពុងតែបង្ហោះនៅលើទំព័រ Facebook លោក សម រង្ស៊ី នៅឡើយ ហើយថែមទាំងដាក់បង្ហោះនៅលើគេរាល់ថ្ងៃថែមទៀត។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា «ការប្រឌិតបរិហារកេរ្តិ៍ដែលលោក សម រង្ស៊ី ធ្វើឡើងមិនត្រឹមតែបំភ័ន្តមតិជាតិ និងអន្តរជាតិតែប៉ុណ្ណោះទេ ប៉ុន្តែគឺជាទទ្ប្ហីករ សម្រាប់សម្ព័ន្ធផ្សព្វផ្សាយរបស់ពួកគេ ក្នុងការដាក់ចូលក្នុងរបាយការណ៍ ក្នុងកិច្ចចោទប្រកាន់មកលើរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ដើម្បីផ្លូវច្បាប់តែប៉ុណ្ណោះ»

ទោះជាយ៉ាងនេះក្តី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បែរជានិយាយថា ស្ថានភាព នយោបាយពេលនេះ កាន់តែធ្ងន់ធ្ងរទៅៗ ហើយត្រូវមានការពិភាក្សារវាងគណបក្សធំៗទាំងពីរ ដើម្បីដោះស្រាយបញ្ហាលាបពណ៌គ្នាទៅវិញ។

លោក អេង ឆៃអ៊ាង បាននិយាយថា «គណបក្សសង្រ្គោះជាតិសុំអំពាវនាវ ដោយទទូចទៅគណបក្សកាន់អំណាច ដើម្បីឲ្យមានការជួបជជែកគ្នា ព្រោះឥឡូវនេះ ស្ថានការណ៍នៃអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះ ជាស្ថានការណ៍ធ្ងន់ធ្ងរណាស់។ ដូច្នេះយើងមិនចង់ឲ្យមានការបាច់ទឹកដាក់គ្នា មិនចង់ឲ្យមានការ ចោទប្រកាន់គ្នា យើងចង់ឲ្យមានការរកស៊ើបអង្កេត​ ដោយមានការឯករាជ្យមួយ ដោយយើងចង់ជួបជជែកគ្នា រវាងគណបក្សធំទាំងពីរ។ ព្រោះឥឡូវនេះយើងកត់សម្គាល់ឃើញថា មានការប្រឌិតព័ត៌មានច្រើនមែនទែន ជុំវិញរឿងឃាតកម្មនេះ»

ប៉ុន្តែនៅពេលនេះត្រូវបានអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងប្រាប់អង្គភាពព័ត៌មាន Fresh News នៅវេលាថ្ងៃត្រង់នេះថា ខ្លួនពុំមានភាពចាំបាច់ដើម្បីពិភាក្សាជាមួយ គណបក្សសង្រ្គោះជាតិ ដោះស្រាយរឿងលាភពណ៌នោះទេ ដោយសារតែ គណបក្សប្រជាជនកម្ពុជា មិនបាននិយាយ លាបឱ្យគណបក្សប្រឆាំង រឿងនៅពីក្រោយខ្នងអំពើឃាតកម្មលើ លោក កែម ឡី ដូចមេបក្សប្រឆាំងនោះឡើយ៕