(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា តបតាមកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកកាលពី សប្តាហ៍មុននេះ ខ្លួននឹងធ្វើការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីលកម្រិតខ្ពស់ THAAD នៅតំបន់ភាគខាងត្បូង ប្រទេស បើទោះបីជាប្រទេសជិតខាងដូចជា កូរ៉េខាងជើង, រុស្ស៊ី, និង ចិន បានបង្ហាញជំហរជំទាស់ ព្រមទាំងគំរាម ចាត់វិធានការក្តៅមកលើទីក្រុងសេអ៊ូលក៏ដោយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦។

ដោយឡែកប្រព័ន្ធថាមពលសម្រាប់ទទួលតំណឹង និងបញ្ជាប្រតិបត្តិការរបស់ THAAD នឹងត្រូវដាក់នៅតំបន់ Seongsan នៃខេត្ត North Gyeongsang របស់ប្រទេសកូរ៉េខាងត្បូង ដែលកន្លែងនោះក៏ជាកន្លែងដាក់ប្រព័ន្ធបញ្ជាថាមពលរបស់ ប្រព័ន្ធការពារគ្រាប់មីស៊ីល Hawk ផងដែរ។ មិនត្រឹមតែបរទេសប៉ុណ្ណោះទេ ដែលសំដែងការជំទាស់ ដោយសូម្បីតែបក្ស ប្រឆំាងក្នុងប្រទេសកូរ៉េខាងត្បូង ក៏បានប្រមូលផ្តុំគ្នាជំទាស់នឹងសេចក្តីសម្រេចរបស់រដ្ឋាភិបាលលោកស្រី ផាក គឺនហេ ដោយពួកគេបានអះអាងថា នឹងនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់កូរ៉េខាងត្បូង៕