(ភ្នំពេញ)៖ បើទោះបីលោក កែម ឡី ត្រូវបានស្លាប់ដោយសារខ្មាន់កាំភ្លើង ចិត្តព្រៃផ្សៃ បាញ់ប្រហារអស់ជាច្រើនថ្ងៃទៅហើយក្តី តែក្តីសង្វេគ ស្រណោះអាល័យ នៅតែបន្តដក់ជាប់ក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ ហើយបន្តចូលរួមគោរពវិញ្ញាណក្ខន្ធជាហូរហែ។ ក្រៅពីប្រជាពលរដ្ឋខ្មែរ ឯកអគ្គរដ្ឋទូតនានា ប្រចាំនៅកម្ពុជា ក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី ផងដែរ។

នៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ មន្រ្តីទូតបរទេសចំនួន៤ រួមមាន មន្ត្រីទូតជប៉ុន បារាំង ហូឡង់ និង មន្ត្រីទូតអូស្ត្រាលី បានចូលគោរពវិញ្ញាណក្ខន្ធ លោក កែម ឡី ដែលតម្កល់ធ្វើបុណ្យនៅវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតនៅត្រើយខាងកើតស្ពានជ្រោយចង្វា ក្នុងសង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

កាលពីថ្ងៃទី១២ ខែកក្កដា ក៏មានមន្ត្រីទូតចំនួន៣ រួមមានមន្ត្រីទូតសហភាពអឺរ៉ុប អាល្លឺម៉ង់ និងមន្ត្រីទូតរបស់អង់គ្លេសប្រចាំកម្ពុជា បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែមរណទុក្ខផងដែរ។

ជាការកត់សម្គាល់មកដល់ព្រឹកថ្ងៃទី១៣ ខែកក្កដា នេះ នៅតែមានមនុស្សយ៉ាងច្រើន មានទាំងអ្នកនយោបាយ មន្ត្រីរាជការ មន្ត្រីអង្គការសង្គមស៊ីវិល ព្រះសង្ឃ រួមនឹងប្រជាពលរដ្ឋ បានបន្តជាហូរហែចូលរួមគោរពវិញ្ញាណក្ខន្ធ និង សម្តែងមរណទុក្ខ ព្រមទាំងការសោកស្តាយ ចំពោះការបាត់បង់ជីវិតលោក កែម ឡី អ្នកវិភាគសង្គម និងនយោបាយ៕