(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា អតីតសកម្មជនគណបក្សសង្គ្រោះជាតិ បានបង្ហាញសារទម្លាយអាថ៌កំបាំងរបស់ លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យដ៏ល្បាញល្បីនៅកម្ពុជា ខណៈដែលសពរបស់លោក កំពុងរៀបចំធ្វើបុណ្យនៅវត្តចាស់ ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ កញ្ញា ធី សុវណ្ណថា ត្រូវបានគេដឹងថា មានទំនាក់ទំនងស្និទ្ធស្នាលជាមួយលោកបណ្ឌិត កែម ឡី កាលពីលោកនៅមានជីវិត។

ខាងក្រោមនេះជាសារទាំងស្រុង ដែលកញ្ញា ធី សុវណ្ណថា ទម្លាយអាថ៌កំបាំងលោកបណ្ឌិត កែម ឡី នៅលើបណ្តាញ Facebook របស់កញ្ញានៅថ្ងៃនេះ

កាលពីដើមឆ្នាំ២០១៤ ខ្ញុំធ្លាប់សួរបណ្ឌិត កែម ឡី ថា៖ 
ហេតុអ្វីពូ មិនចូលសង្គ្រោះជាតិ? 
គាត់ឆ្លើយថា «គាត់ក៏ចង់ចូលដែរ តែចូលមិនរួច» 
បណ្ឌិត កែម ឡី ក៏រៀបរាប់ដំណើររឿងប្រាប់ខ្ញុំថា៖ បណ្ឌិត កែម ឡី ធ្លាប់ទទួលការប្រមាថមើលងាយយ៉ាងខ្លាំងពីលោក សម រង្សី និងប្រពន្ធ។

ចុងឆ្នាំ២០១៤ បណ្ឌិត កែម ឡី និងបណ្ឌិតជាច្រើនទៀត បានខិតខំសរសេរអត្ថបទ «វិធីកំណែទម្រង់ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស» យកទៅជូនលោក សម រង្សី ក៏បានជួបទាំងលោកស្រី ជូឡុង សូម៉ារ៉ា ដែរ ពេលនោះ បណ្ឌិត កែម ឡី បានផ្តល់យោបល់ទៅលោកសម រង្សី ឲ្យដឹកនាំបក្សបែបប្រជាធិបតេយ្យ ចែកអំណាចឲ្យថ្នាក់ក្រោមនិង កុំឲ្យផ្តុំអំណាចលើ សម រង្សី និងលោក កឹម សុខា។

ភ្លាមនោះ លោកស្រីជូឡុង ក៏បោះលិខិតរបស់ បណ្ឌិត កែម ឡី ចូលក្នុងធុងសំរាមដោយនិយាយថា «បើលោកឯងខ្លាំង បើកបក្ស​ ឲ្យបានកៅអីសិនទៅ ចាំមកនិយាយជាមួយខ្ញុំ» និយាយដល់ចំនុចនេះបណ្ឌិត កែម ឡី ប្រែធ្លាក់ទឹកមុខ ភ្នែករលីងរលោង គាត់ក៏បញ្ចប់ត្រឹមនឹង។

១ខែក្រោយមក លោកបណ្ឌិត កែម ឡី រួមនឹងបណ្ឌិតជាច្រើនទៀតក៏រៀបចំបើកបក្សថ្មី១ បច្ចុប្បន្នឈ្មោះ «បក្សប្រជាធិបតេយ្យមូលដ្ឋាន»

ពេលនោះ លោក សម រង្សី និងលោក កឹម សុខា រិះគន់ និងចោទ ថាការបើកបក្សរបស់ក្រុមបណ្ឌិតថា ជាបក្សអាយ៉ងរបស់ CPP ដោយមាន CPP នៅពីក្រោយ ដើម្បីបំបែកសម្លេង CNRP...។ បន្ទាប់មក ក៏មានសកម្មជន CNRP ជាច្រើន ជេរប្រមាថ បណ្ឌិត កែម ឡី និងបណ្ឌិតជាច្រើនទៀតថា បណ្ឌិតលក់ក្បាលបណ្ឌិតខួរឆ្កែ បណ្ឌិតចោម្សៀត.... និងពាក្យអសរសជាច្រើនទៀត។

លោកបណ្ឌិត កែម ឡី ក៏បានរិះគន់លោក សម រង្សី ថា ជា «អ្នកក្លាហានក្នុងស្នូក» ឬ «អ្នកនយោបាយអង្កកំប៉ុង» និងនិយាយថែមទៀតថា «បើលោក សម រង្សី បានកាន់អំណាច គឺនឹងផ្តាច់ការជាង លោក ហ៊ុន សែន ទៀត»។ ជម្លោះរវាងបណ្ឌិត កែម ឡី និងលោក សម រង្សី និងប្រពន្ធនេះ ជាមូលហេតុដែលលោកសម រង្សី និងប្រពន្ធ មិនអុជធូបគោរពវិញ្ញាណក្ខន្ឌរបស់បណ្ឌិត កែម ឡី ទេ។

លោក សម រង្សី បានត្រឹមតែយករូបសព លោក កែម ឡី ធ្វើជំនួញនយោបាយ ផូសផ្សាយវាយរាជរដ្ឋាភិបាលប៉ុណ្ណោះ។ ហើយសកម្មជនសង្គ្រោះជាតិ ដែលធ្លាប់រិះគន់ និងជេរបណ្ឌិត កែម ឡី បែជាមកតាំងខ្លូនជាអ្នកស្នេហាជាតិ គោរពស្រលាញ់គាត់ និងកាងសពរបស់គាត់ ហើយខ្ញុំដែលស្និតជាមួយបណ្ឌិត កែម ឡី ក៏ពួកគេរារាំង និងដេញខ្ញុំមិនឲ្យអុជធូបគោរពសពគាត់ដែរ។

ពេលនេះ នាងខ្ញុំ ធី សុវណ្ណថា បានឃើញកាន់តែច្បាស់ ពីចរិតថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ កាន់តែអាក្រក់ និងភាពសាហាវរបស់សកម្មជន ផ្កាប់មុនបក្សសង្គ្រោះជាតិ។

នាងខ្ញុំសូមប្រកាសថា «នាងខ្ញុំ ធី សុវណ្ណថា ឈប់គាំទ្របក្សសង្គ្រោះជាតិ» ទៀតហើយ តែនាងខ្ញុំ នៅតែបន្តរិះគន់រាជរដ្ឋាភិបាល ដើម្បីឲ្យមានការកែទម្រង់ ស្ថាបនាអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែរីកចម្រើន និងនាងខ្ញុំនៅតែបន្ត កិច្ចការមនុស្សធម៌ និងសង្គម ជួយជនរងគ្រោះគ្រប់ទីកន្លែង។ លាហើយ បងប្អូនសង្គ្រោះជាតិ៕