(កណ្តាល)៖ បន្ទាប់ពីមានសារព័ត៌មានមួយចំនួន បានសម្ភាសន៍ និងចុះផ្សាយថា អ្នកស្រី ជា ប៉ូង ជាអាជីវករ និងជាអ្នកជួសជុលដំបូលផ្សារឬស្សីដាច់ ត្រូវបានលោក ប៉ោ សេង ម្ចាស់ភាស៊ីផ្សារស្អាង យកលុយពីគាត់ ជិត២ម៉ឺនដុល្លារ ជាថ្នូរឲ្យអ្នកស្រី វិនិយោគផ្សារឬស្សី ដាច់ចំនួន ២៧ឆ្នាំនោះ ស្រាប់តែនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ បានចេញមកបដិសេធ និងច្រានចោល ចំពោះការចោទប្រកាន់ខាងលើ ដោយអ្នកស្រី មិនបាននិយាយដូច្នេះឡើយ។

អ្នកស្រី ជា ប៉ូង ជាអាជីវករលក់ដូរ និងរស់នៅក្នុងភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានបញ្ជាក់ថា ការពិតទឹកប្រាក់ចំនួន១៨០០០ដុល្លារនេះ លោក ប៉ោ សេង មិនបានយកលុយ ពីអ្នកស្រីនោះទេ គឺអ្នកស្រី ទាមទារឲ្យ រដ្ឋសងដល់លោកយាយ ដោយសារតែគាត់ខិតខំ លក់របស់របរក្នុងផ្ទះជាច្រើន ដើម្បីសាងសង់ដំបូលផ្សារឬស្សីដាច់នេះ ប៉ុន្តែឥឡូវមិនមានអ្នកលក់ដូរ ហើយក្រុមអាជីវករ បាននាំគ្នាទៅលក់ នៅផ្សារឯកជនថ្មី ដែលនៅមិនឆ្ងាយពីផ្សាររបស់លោកយាយ ធ្វើឲ្យមុខរបរគាត់យកភាស៊ីនេះត្រូវបាត់បង់ ដូច្នេះទើបលោកយាយឲ្យរដ្ឋសងជំនួស។

អ្នកស្រី ជា ប៉ូង អាយុ៦០ឆ្នាំ បានសម្តែងនូវទឹកមុខក្រៀមក្រំ បន្ទាប់ពីទទួលព័ត៌មាន នៃការចុះផ្សាយរបស់ សារព័ត៌មានមួយចំនួន ដែលបានផ្សាយដូចទៅ តាមការរៀបរាប់របស់អ្នកស្រី បែរជាទៅចោទប្រកាន់ លោក ប៉ោ សេង ទៅវិញ ដូច្នេះហើយធ្វើឲ្យអ្នកស្រី មានការព្រួយបារម្ភខ្លាច ប្រឈមនិងផ្លូវច្បាប់ ដោយលោក ប៉ោ សេង ប្តឹងពីបទបរិហារកេរ្តិ៍។ អ្នកស្រី បានសំណូមពរដល់ សារព័ត៌មានប្រសិនបើសម្ភាសន៍ហើយ ត្រូវដកស្រង់សម្តីអ្នកផ្តល់បទសម្ភាសន៍ឲ្យបានច្បាស់លាស់ បើធ្វើបែបនេះនាំឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ។ អ្នកស្រីបានបន្តទៀតថា អ្នកស្រីមិនបាន ចោទប្រកាន់លោក ប៉ោ សេង នោះទេ ប៉ុន្តែអ្នកស្រី គ្រាន់តែចង់បានប្រាក់ដែលអ្នកស្រី យកទៅសាងសង់ដំបូលផ្សារ ដើម្បីយកទៅទុករស់នៅ ក្នុងភាពវ័យចាស់ជរា របស់អ្នកស្រីឲ្យ បានសុខស្រួលតែប៉ុណ្ណោះ។

ទាក់ទិន និងផ្សារឫស្សីដាច់នេះដែរ លោក ឃុត ខុន មេឃុំព្រែកអំបិល បាននិយាយថា ចំពោះផ្សារឬស្សីដាច់នេះ គឺជាផ្សាររបស់រដ្ឋ ហើយកាលពីសម័យខ្មែរក្រហម ទីផ្សារឬស្សីដាច់នេះ គឺជាទីលានហាលស្រូវ ដោយមានទីធ្លាធំទូលាយ ប៉ុន្តែក្រោយមកត្រូវប្រជាពលរដ្ឋ ចេះតែនាំគ្នាចាប់យកបន្តិចម្នាក់ ទើបនៅរួមតូចដោយ ប្រជាពលរដ្ឋគ្មានកន្លែងលក់ដូរ ក៏ចេះតែនាំគ្នាទៅលក់ នៅលើបរិវេណលានហាលស្រូវ ដោយលានមានចាក់ស៊ីម៉ង់ត៍ ក្រោយមកអាជ្ញាធរប្រគល់សិទ្ធិទៅឲ្យស្រីឈ្មោះ ជា ប៉ូង ជាអ្នកទទួលខុសត្រូវមើលថែផ្សារ។ ប៉ុន្តែដោយសារអ្នកស្រី មិនអភិវឌ្ឍន៍ផ្សារឲ្យបានសមរម្យនោះ ផ្សារមានភក់ជ្រាំ ពិបាកក្នុងការលក់ដូរប៉ះពាល់ដល់ សុខភាពពួកគាត់ ទើបប្រជាពលរដ្ឋក៏ដូចជាក្រុមអាជីវករនាំគ្នាផ្តិតមេដាយ សូមឲ្យអាជ្ញាធរជួយ រកអ្នកមានដីហើយ បើកផ្សារថ្មីធ្វើអនាម័យឲ្យបានល្អ ទើបលោក សេង ធី ជាប្រជាពលរដ្ឋរស់នៅ ក្នុងភូមិសុំធ្វើការវិនិយោគផ្សារឲ្យបានល្អ ទើបរូបលោកបានស៊ីញ៉េទទួល និងបញ្ជូនមកកាន់ សាលាស្រុកដើម្បីត្រួត ពិនិត្យ ដោយមើលឃើញពីទុក្ខលំបាក របស់ក្រុមអាជីវករ ទើបអាជ្ញាធរសម្រេចឲ្យបានផ្សារមួយទៀត។

ចំណែកក្រុមអាជីវករគ្រាន់តែ ផ្សារថ្មីបង្កើតរួចនោះក៏បាននាំគ្នា ទៅលក់នៅក្នុងផ្សារថ្មីនោះអស់ ដូច្នេះប្រហែលជាគេរៀបចំបានល្អ ទាំងប្រព័ន្ធលូ និងទីធ្លារ ឬបន្ទប់ទឹក ។ លោកបានបន្តថា បច្ចុប្បន្ននេះ សិទ្ធិរបស់ប្រជាពលរដ្ឋ យើងមិនអាចហាមឃាត់គាត់បានទេ បើគាត់យល់ឃើញថា កន្លែងណាល្អគឺគាត់ទៅដោយ ខ្លួនឯងព្រោះ គាត់ក៏ត្រូវការកន្លែងស្អាតធំទូលាយ និងមានអនាម័យ ជាពិសេសនោះឥរិយាបថ របស់អ្នកយកភាស៊ីតែម្តង៕