​(កំពត)៖ ចៅសង្កាត់ក្រាំងអំពិល ក្រុង-ខេត្តកំពត លោក ស៊ីវ យុត បានរងការចោទថា បានប្រើអំណាចអត្តនោម័តដកមេភូមិស្វាយធំ គឺលោក ស្រ៊ុន ហុង ចេញពីតំណែង ក៏ព្រោះតែលោកមេភូមិ​មានប្រជាប្រិយភាពជាង ក្នុងមូលដ្ឋាន ព្រមទាំងខ្លាចដណ្តើមតំណែងជាចៅសង្កាត់ជំនួសវិញ។ ចំពោះការសម្រេចបែបនេះ ធ្វើឲ្យមានប្រតិកម្មពីមជ្ឈដ្ឋានជាច្រើន ជាពិសេសប្រជាពលរដ្ឋក្នុងសង្កាត់ ដែលពួកគេភាគច្រើន មានការសោកស្តាយជាខ្លាំង ដោយលើកឡើងថា «ការដកតំណែងលោកមេភូមិរូបនេះ វាអយុត្តិធម៌ណាស់ ព្រោះលោកមេភូមិ មិនដែលមានកំហុស​អ្វីជាមួយប្រជាពល​រដ្ឋ​ក្នុងមូលដ្ឋាន ឬខាងក្រៅនោះទេ ផ្ទុយមកវិញមួយថ្ងៃៗ ខិតខំបំរើរាស្ត្រអស់ពីចិត្តពីថ្លើម សហការ និងកងកម្លាំងប្រដាប់អាវុធ ដែលបំពេញការក្នុងមូលដ្ឋានបានយ៉ាងល្អ»

មន្ត្រីដែលបម្រើការងារនៅសង្កាត់ក្រាំងអំពិល បានបង្ហើបឲ្យដឹងថា ក្នុងអង្គប្រជុំថ្នាក់សង្កាត់ នាពេលកន្លងមក លោកចៅសង្កាត់ ពិតជាមានការសួរនាំទៅលើលោកមេភូមិ ស្រ៊ុន ហុង រឿងប្រជាប្រិយភាព ដែលលោកមេភូមិអាចមានប្រជាប្រិយភាពជាង ហើយធ្វើឲ្យលោកចៅសង្កាត់ខឹង ក៏ជំរុញឲ្យលោកមេភូមិស្វាយធំ ដាក់ពាក្យលាលែងឈប់ពីមុខតំណែង ដោយមិនបានប្រជុំឯកភាពពីក្រុមប្រឹក្សាសង្កាត់ ឬក៏ឲ្យប្រជាពលរដ្ឋធ្វើការបោះឆ្នោត រើសតាមឆន្ទះរបស់ខ្លួន។ ម្យ៉ាងមិនសុំយោបល់ថ្នាក់លើ ឬក៏ប្រើវិធីលាបពណ៌ រាយការណ៍ទៅថ្នាក់លើ ដែលខុសនឹងក្រុមសិលធម៌ និងលក្ខ័ការណ៍ នៃការជ្រើស និងចាត់តាំង។ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឲ្យដឹងដែរថា ពួកគេចង់ឲ្យលោកមេភូមិខាងលើ នៅបន្តការងារទៀត ដែលចៅសង្កាត់ដកតំណែង​មិនត្រូវតាមគោលការណ៍ ហើយចៅសង្កាត់រូបនេះ ប្រជាពលរដ្ឋមិនសូវពេញចិត្ត នោះទេ ពីព្រោះក្នុងអាណត្តិរបស់ខ្លួន ជិត៣អាណត្តិមកនេះ ជាពិសេស ២-៣ឆ្នាំ កន្លងមកនេះ លោកចៅសង្កាត់គិតតែពីប្រយោជន៍ផ្ទាល់ខ្លួនជាធំ ដូចជាក្នុងសង្កាត់កន្លែង​ណាមានដីជាច្រើន ជាកម្មសិទ្ធិលោកចៅសង្កាត់ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ។ ប្រជាពលរដ្ឋថា ចៅសង្កាត់ទើបអភិវឌ្ឍន៍ផ្លូវបេតុងឆ្លងកាត់ លើជាប់ដីរបស់គាត់ ដោយឡែកផ្លូវដ៏ទៃទៀត​មិនរវលើ​អភិវឌ្ឍន៍​នោះទេ ដោយទុកឲ្យប្រជាពលរដ្ឋ ពិបាកក្នុងការធ្វើចរាចរណ៍ឆ្លងកាត់។ ដូច្នេះប្រជាពលរដ្ឋសំណូមពរ ដល់បណ្តាថ្នាក់ដឹកនាំ ពាក់ព័ន្ធទាំងអស់ ចុះមកត្រួតពិនិត្យជាក់ស្តែង និងរកហេតុផល​ជូនលោកមេភូមិខាងលើនេះផង។

លោកមេភូមិស្វាយធំ ស្រ៊ុន ហុង បានបញ្ជាក់ប្រាប់យ៉ា​ង​ខ្លីផងដែរថា ពិតជាមានការគំរាមឲ្យលោក​លាឈប់ពីមុខ​តំណែង​ជាមេភូមិស្វាយធំមែន ពីលោកចៅ​សង្កាត់ ហើយរូបលោកក៏បានដាក់​ពាក្យលា​លែង​ពី​តំណែងរួចរាល់ហើយផងដែរ។ លោកមេភូមិបាន​បន្តទៀតថា មូលហេតុរូបលោក​លា​លែងឈប់ពីតំណែង ពីព្រោះលោក ស៊ីវ យុត បានហៅរូបលោកទៅធ្វើការសាកសួរនាំ រឿងក្នុង​មូលដ្ខាន ហេតុអីលោកមេភូមិ មានប្រជាប្រិយ​ភាពច្រើន ហើយថ្ងៃក្រោយលោកមេភូមិឯងនឹង អាចយកតំណែងជាចៅសង្កាត់ខ្លាញ់បាន ដូច្នេះចង់មិនចង់ មេភូមិឯង ត្រូវដាក់ពាក់លាលែងឈប់ទៅ  មិនចាំបាច់​បណ្តេញចេញទេ ហើយលោកចៅសង្កាត់​កំណត់ឲ្យដាក់ពាក្យលាលែង​ឈប់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ជាកំហិត។ យ៉ាងណាក៏ដោយ សម្រាប់ការចោទប្រកាន់ខាងលើនេះ អង្គភាព Fresh News នៅមិនទាន់អាចស្វែង​រកការបកស្រាយ​ពី​លោកចៅសង្កាត់​បាននៅឡើយទេ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ៕