(ហាវ៉ៃ)៖ ភពថ្មីមួយទៀត ដែលទំនងជាគ្របដណ្តប់ដោយទឹកកក ត្រូវបានរកឃើញនៅតំបន់ខ្សែក្រវ៉ាត់ទឹកកក បន្ទាប់ពីភពណិបទូន ដែលជាភពចុងគេនៃប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ និងត្រូវការរយៈពេល ៧០០ឆ្នាំ ទើបគោចរបានមួយជុំ ជុំវិញព្រះអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ CNN នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦។

ការរកឃើញថ្មីនេះ ត្រូវបានសម្រេចឲ្យចេញផ្សាយជាផ្លូវការដោយក្រុមតារាវិទូអន្តរជាតិ ដែលបានប្រើប្រាស់កែវយឺត កាណាដា-បារាំង-ហាវ៉ៃ ដែលមានមូលដ្ឋានស្ថិតនៅលើកោះហាវ៉ៃរបស់សហរដ្ឋអាមេរិក។ ប្រព័ន្ធកែវយឺតនោះ មាន បំពាក់នូវបច្ចេកវិទ្យាពិសេស ដែលបានអាចចាប់យកវត្ថុតូចៗ ដែលស្ថិតនៅឆ្ងាយជុំវិញប្រព័ន្ធព្រះអាទិត្យរបស់យើង។

ភពថ្មីដែលត្រូវបានចាត់ទុកជាភពបម្រុងនេះ បានបង្កើតការងឿងឆ្ងល់ថ្មីមួយទៀតសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ដែលចោទជាសំនួរថាតើហេតុអ្វីបានជាវត្ថុធំ ដែលអាចប្រមូលផ្តុំរូបរាងឡើង ហើយខ្ទាតចេញឆ្ងាយពីព្រះអាទិត្យ ជាងគេបែបនេះ។ លោក Michele Bannister តារាវិទូនៃសកលវិទ្យាល័យ Victoria ក្នុងរដ្ឋ British Columbia បានថ្លែងថា «ទោះបីវាជាពិភពលោកដ៏តូចក៏ដោយ ក៏វានឹងក្លាយជារឿងរំភើបណាស់ដែលយើង អាចធ្វើការសិក្សាតាមរយៈពន្លឺរបស់វា ដែលចាំងមកគ្រប់គ្រាន់សម្រាប់យើងតាមដាន»។

គួរបញ្ជាក់ថា ភពខាងលើនេះត្រូវបានគេឲ្យឈ្មោះបណ្តោះអាសន្ន RR245 មានប្រវែងព័ទ្ធជុំវិញតែជាង ៧០០គីឡូម៉ែត្រប៉ុណ្ណោះ (ស្មើនឹង ៥%នៃផែនដី) ហើយគោចររបស់វាក៏ឆ្ងាយជាងភពបម្រុងផ្សេងៗទៀត ដែលគេ ជឿជាក់ថាមានមិនក្រោម ២០០ភពឡើយនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះផងដែរ។ យ៉ាងណាក៏ដោយ ភពបម្រុងចំនួនតែ ៥ប៉ុណ្ណោះ ដែលមានទំហំធំៗ នឹងអាចចាត់ចូលជាភពជិតគ្រប់លក្ខណៈមានដូចជាភព ភ្លុយតូ, Ceres, Haumea, Makemake, និង Eris ជាដើម៕