(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះសួរសុខទុក្ខ​បងប្អូនប្រជាពលរដ្ឋ និងថ្លែងអំណរគុណ​ដល់ក្រុមគ្រូ​ពេទ្យស្ម័គ្រចិត្ត ទីក្រុងប៊ូសាន នៃសាធារណៈរដ្ឋកូរ៉េ ដែលបានមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទូទៅ ចាស់ជរា ស្ត្រី និងកុមារ លើប្រភេទជំងឺទូទៅ ជំងឺរោគស្ត្រី កុមារ ជំងឺមាត់ធ្មេញ ភ្នែក និងជំងឺសន្លាក់ នៅមណ្ឌលសុខភាពពងទឹក ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០១៦។

លោក នុត ពុធដារ៉ា បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ទីក្រុងប៊ូសាន សាធារណៈរដ្ឋកូរ៉េ ដែលជាទីក្រុងសម្ព័ន្ធភាពជាមួយនឹងរាជធានីភ្នំពេញយើង ដែលជារៀងរាល់ឆ្នាំ បានបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញៗ មកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងជាពិសេសក្នុងមូលដ្ឋានខណ្ឌដង្កោ។ លោកថា «នៅឆ្នាំនេះក្រុមគ្រូពេទ្យបានមកពិនិត្យ និងព្យបាលជំងឺជូនប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពជើងឯកចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកក្កដា និងនៅមណ្ឌលសុខភាពពងទឹកនេះ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣»។

ជាមួយគ្នានេះ លោកអភិបាល ក៏បានធ្វើការផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលពុំទាន់បានទទួលការពិនិត្យ និងព្យបាលពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ សូមមកទទួលការព្យបាលទាំងអស់គ្នា ជាមួយក្រុមគ្រូពេទ្យជំនាញ នៅមណ្ឌលសុខភាពពងទឹក ដែលមានរយៈពេល ០២ថ្ងៃ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល២ថ្ងៃកន្លងទៅ ដែលក្រុមគ្រូពេទ្យកូរ៉េ បំពេញបេសកកម្មការងារ នៅមណ្ឌលសុខភាពជើងឯក ដោយបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន៤៣៨នាក់ ក្នុងនោះស្រី២៨៩នាក់៕