(ភ្នំពេញ)៖ ខ្មាន់កាំភ្លើងដែលបានសម្លាប់លោកបណ្ឌិត កែម ឡី នៅតែបន្តអះអាងប្រាប់តុលាការថា ខ្លួនមានឈ្មោះ «ជួបសម្លាប់» មិនមែនឈ្មោះ អឿត អាងនោះទេ ពោលដូចអ្វីដែលរូបគេ បានប្រាប់ឈ្មោះបែបនេះ ទៅសមត្ថកិច្ចនគរបាល និងអ្នកកាសែតក្រោយចាប់ខ្លួនភ្លាមៗក្រោយកើតហេតុ។ មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានលួចទម្លាយប្រាប់ដល់អង្គភាព Fresh News ថា «ពេលកំពុងសួរនាំនៅកន្លែងព្រះរាជអាជ្ញានោះ ជនសង្ស័យនៅតែអះអាងប្រាប់តុលាការថា ឈ្មោះ ជួប សម្លាប់ ដោយបដិសេធឈ្មោះ អឿត អាង»

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ ខ្មាន់កាំភ្លើងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ត្រូវបានយកទៅសួរនាំនៅចំពោះមុខព្រះរាជអាជ្ញារងលោក លី សុផានណា ហើយនឹងបន្តសាកសួរម្តងទៀតនៅរសៀលថ្ងៃដដែលនេះ។ សម្រាប់ឃាតកដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ អាចប្រឈមនឹង ការជាប់ពន្ធនាគារអស់មួយជីវិត ទៅតាមច្បាប់ព្រហ្មទណ្ឌ បើសិនណាជាតុលាការសម្រេចថា នោះជាអំពើឃាតកម្ម គិតទុកជាមុន។ យោងតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា បានចែងថា «ឃាតកម្ម គិតទុកជាមុន គឺជាអំពើសម្លាប់មនុស្ស ដោយគិតទុកជាមុន ឬដោយការពួនស្នាក។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើង មុនអំពើបៀតបៀនទៅលើរូប បុគ្គលនៃជនរងគ្រោះ។ ការពួនស្ទាក់ គឺជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលមួយរយៈ ដើម្បីប្រព្រឹត្តអំពើបៀតបៀន ទៅលើរូបបុគ្គល នៃជនរងគ្រោះ។ ឃាតកម្មគិតទុកជាមុន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»