(ភ្នំពេញ)៖ ប្រវត្តិសាស្ត្រច្រំដែលបានកើតឡើងសារជាថ្មី នៅពេលដែលក្រុមកីឡាបាល់ទាត់ប្រាសាក់ បានយកឈ្នះលើក្រុម អេអឹមខេ ដោយលទ្ធផលយ៉ាងល្អ ៤-០ ក្នុងការប្រកួតវគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើវាលស្មៅនៃ កីឡដ្ឋានកងយោធពលខេមរភូមិន្ទ។

ប្រាសាក់ ម្ចាស់តំណែងជើងឯកបាល់ទាត់ពានរង្វាន់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកាលពីរដូវកាលមុន បានអបអរជ័យជម្នះលើកទីពីរ របស់ខ្លួនលើក្រុម អេអឹមខេ បន្ទាប់ពីធ្លាប់បានយកឈ្នះលើក្រុមនេះ មួយម្ដងរួចមកហើយនៅក្នុងវគ្គវិលជុំ កាលពីថ្ងៃទី៧ឧសភា ឆ្នាំ២០១៦ ដោយលទ្ធផល ៤-០ ដូចគ្នានេះ។

នៅនាទី ទី២៣ ក្នុងតង់ទីមួយ ខ្សែប្រយុទ្ធ ណូ មូស្លីម បានទាត់បាល់ចូលបញ្ចូលទីមួយគ្រាប់ ដែលធ្វើឱ្យប្រាសាក់នាំមុខលើក្រុម អេអឹមខេ ដោយលទ្ធផល ១-០ ។ ឈានមកដល់តង់ទី២ ខ្សែប្រយុទ្ធ ឡាំ សុធិន និង ភឿង វុទ្ធី បានស៊ុតបាល់បញ្ចូលទីបាន ម្នាក់១គ្រាប់បន្តបន្ទាប់គ្នា នៅនាទីទី៥៦ និង៧៣ លទ្ធផលនាំមុខ ៣-០ នេះ បានដាក់សម្ពាធយ៉ាងខ្លាំងលើក្រុម អេអឹមខេ ដោយការប្រកួតកាន់តែជិតដល់ម៉ោងបញ្ចប់។ នៅក្នុងនាទីបន្ថែមចុងក្រោយ បាល់មួយគ្រាប់ដែលបានស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ ទ្រី ស៊ុនផេង បានជួយឲ្យប្រាសាក់សាងប្រវត្តិសាស្រ្តជាថ្មីម្តងទៀត យកឈ្នះលើក្រុម អេអឹមខេ ដោយលទ្ធផល ៤-០ ជាលើកទីពីរ ដើម្បីបន្តជោគវាសនារបស់ខ្លួន ទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

ជាមួយនឹងលទ្ធផលគួរឲ្យស្ញប់ស្ញែងនេះ ប្រាសាក់ គឺជាក្រុមមិនដែលចាញ់ទាល់តែសោះ ហើយឥឡូវនេះអាចឈានទៅកាន់វគ្គ ផ្តាច់ព្រ័ត្រ ដើម្បីការពារតំណែងជើងឯករបស់ខ្លួន។ ប្រាសាក់ដែលជាម្ចាស់ជើងឯក រដូវកាលមុននឹងប៉ះជាមួយក្រុមស្ថាបនា នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា សប្តាហ៍ខាងមុខនេះ នៅឯកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ឬ ស្តាតចាស់។

ក្រុមបាល់ទាត់ប្រាសាក់ ឈានដល់វគ្គផ្តាច់ព្រ័ត្រដោយបានទទួលជ័យជំនះគ្រប់ការប្រកួត ដោយបានបំបាក់ អម្រឹត មហានគរ លីហួរ ក្រេឌីត ស្ថាបនា និងអេអឹមខេចំនួនពីរដង។

គូរបញ្ជាក់ថា ​ពានរង្វាន់បាល់ទាត់សមាគមហិរញ្ញវត្ថុកម្ពុជា បានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ ដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងគោលបំណងកសាងទំនាក់ទំនងល្អ ក្នុងចំណោមសមាជិកសមាគម​ហិរញ្ញវត្ថុកម្ពុជា លើកកម្ពស់ការរស់នៅ ប្រកបដោយសុខភាព និងរួមចំណែកលើកស្ទួយវិស័យកីឡា នៅក្នុងប្រទេសកម្ពុជា។

ក្រុមបាល់ទាត់ប្រាសាក់ បានឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះក្នុងឆ្នាំ២០១៤ ហើយនៅឆ្នាំនេះប្រាសាក់សង្ឃឹមយ៉ាងមុតមាំថានឹងលើក ពានរង្វាន់ នេះសាជាថ្មី។ គួរបញ្ជាក់ផងដែរថា ពុំមានការរៀបចំការប្រកួតពានរង្វាន់នេះក្នុងឆ្នាំ២០១៥ទេ៕

ប្រាសាក់យកឈ្នះ អេអឹមខេ ជាថ្មីទៀត ដោយលទ្ធផល ៤-០