(ភ្នំពេញ)៖ ​ខ្មាន់កាំភ្លើងដែលបាន​បាញ់​សម្លាប់ ​លោក​បណ្ឌិត​ កែម​ ឡី​ អ្នក​វិភាគ​នយោបាយ ត្រូវ​បានកម្លាំងនគរបាល បញ្ចូនទៅដល់តុលាការហើយ នៅវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ។ កាបញ្ជូនខ្លួន ខ្មាន់កាំភ្លើង​មកតុលាការនៅពេលនេះ ធ្វើឡើងក្រោយពីសមត្ថកិច្ច នៃ​ស្នងការដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញ​ បានហៅទៅសាកសួរ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ។

ករណីខ្មាន់កាំភ្លើង​ខាងលើនេះ ត្រូវបាន លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អ​ម​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បញ្ជាក់ថា សំណុំរឿង​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី ​កំពុងបន្ត នីតិវិធីនិង​អនុវត្តវិធាន​ការ​ស្រាវជ្រាវនៅស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ ។

សូមជំរាបថា ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ភ្លាមៗ​ ក្រោយ​ពី​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ នៅវេលា​ម៉ោង​ប្រមាណជិត៩ព្រឹក​ថ្ងៃ​ទី​១០ខែ​កក្កដា​ ឆ្នាំ​២០១៦​ នៅចំណុច​ក្នុង​ទីតាំង​ ស្តារម៉ាត​ នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ បូកគោ​ ស្ថិត​នៅ​កាច់ជ្រុង​មហា​វិថី​ព្រះ​មុនីវង្ស​ និង​មហាវិថី​ម៉ៅសេទុង​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​៕