(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋដែលរកស៊ីលក់ដូរ នៅតំបន់អាងទឹកត្រពាំងថ្ម បានរិះគន់លោកមេឃុំ ម៉េង ប៊ុនថារ៉ា ព្រោះបានឲ្យអ្នកជំនិតគឺឈ្មោះ ណាក សារឿន តួនាទីកិច្ចការនារី មកយកលុយ​ថ្លៃការពារសន្តិសុខ និងអនាម័យក្នុង១ឆ្នាំ៥០ម៉ឺនរៀល បើមិនឲ្យទេហាម សាងសង់តូបលក់ដូរជាដាច់ខាត។

អ៊ុំស្រីជាអាជីវករម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យភ្នាក់ងារ Fresh News នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះថា គាត់បានមកលក់ដូរនៅទីនេះតាំងពីឆ្នាំ២០០៤មកម៉្លេះ គឺគ្រាន់តែបង់លុយឲ្យ មេ​ឃុំចាស់តែ១ឆ្នាំ៥ម៉ឺនរៀលប៉ុណ្ណោះ តែការលក់ដូរពីមុន វាមិនអាចនឹងនៅកន្លែងបានទេ គឺចល័តនៅលើអាងត្រពាំងថ្ម រហូតដល់ពេលលោកមេឃុំចាស់ ត្រូវផ្លាស់ប្តូរទៅបំរើការទីកន្លែងផ្សេង គឺត្រូវបាន​លោកមេឃុំថ្មី ជំនួសវិញ គឺលោក ម៉េង ប៊ុនថារ៉ា បានឲ្យអ្នកជំនិតគឺឈ្មោះ ណាក សារឿន តួនាទីកិច្ចការនារី ដើរយកលុយប្រចាំឆ្នាំ គឺចាប់ពីឆ្នាំ២០១០មក ត្រូវបង់លុយ៥០ម៉ឺនរៀល បើមិនគ្រប់​ចំនួនទេ គឺមិនអនុញ្ញាតដាក់លក់ ឬសង់តូប ដែលមានទំហំទទឹង៤ម៉ែត្រ បណ្តោយ១២ម៉ែត្រ បាននោះទេ។ បើតាមការអះអាងពីអ្នកដូរផ្សេងៗទៀតថា ១ឆ្នាំបង់លុយឲ្យលោកមេឃុំ៥០ម៉ឺនរៀលមែន គឺមានអ្នកមកទារលុយឈ្មោះ ណាក សារឿន តួនាទីកិច្ចការនារី អ្នកមកប្រមូលដោយឆ្លើយថា លុយនេះគឺយកទុកឲ្យខាងសមត្ថកិច្ច សម្រាប់មកអន្តរាគមន៍ ប្រសិនបើមានហេតុការអ្វីកើតឡើងនេះទី ដូចជាមានករណី លួច សណ្តាប់ធ្នាប់ សន្តិសុខ និងអនាម័យ តែទាំងអស់នេះ គឺពុំមានឃើញឡើយ។

ប្រភពដដែលបន្ដថា រាល់ថ្ងៃនេះផ្នែកអនាម័យ ខាងតូបនីមួយៗ ជាអ្នកសំអាតរៀងៗខ្លួន ការពារ​សន្តិសុខនោះ គឺការពារដោយខ្លួនឯង ហើយរាល់ថ្ងៃនេះ មានករណីលួច ជាប្រចាំទុករបស់អ្វី​ចោលមិន​បានទេ។ គាត់បន្ថែមថា ប្រសិនមានហេតុការណ៍ក្មេងទំនើងឈ្លោះគ្នាវិញនោះ ខាងលោក​ដែលជាអ្នកដើរប្រមូលលុយរាល់ឆ្នាំនោះ មិនដែលឃើញអន្តរាគមន៍ទាន់ពេលឡើយ ទុកទាល់តែរត់បាត់អស់ និងស្ងាត់ឈឹងមានសមត្ថកិច្ចលោកមកដល់។ ជាចុងក្រោយ ពួកគាត់បាន​សំណូមពរ​ដល់លោកអភិបាលស្រុកថ្មី លោក យឹម សំណាង និងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ  មេត្តាគិតគូរបញ្ហានេះផង ព្រោះមិនដូច្នោះទេ ពួកគាត់នឹងផ្ទុះការតស៊ូជាមិនខាននោះទេ៕