(បន្ទាយមានជ័យ)៖ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ បានចូលរួមក្នុងពិធីបំពាក់ឯកសណ្ឋានជូនកម្លាំងប្រជាការពារភូមិទាំង១០ នៃសង្កាត់ផ្សារកណ្តាល សរុប១៥៧នាក់ ក្នុងនោះស្រី២នាក់។

ក្នុងពិធីនេះដែរ ក៏មានការចូលរួមពី លោក ហាំ វណ្ណះ មេបញ្ជាការវរៈនគរបាលការពារព្រំដែនគោក៨៩១ លោក ធិន ស៊ីនដេត អធិការនគរបាលក្រុង លោកនាយរងប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក គាត ហ៊ុល ចៅសង្កាត់ប៉ោយប៉ែត និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង សង្កាត់ ព្រមទាំងអង្គភាពពាក់ព័ន្ធ​ជាច្រើនរូបទៀត។ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុង បានធ្វើការកោតសរសើរខ្ពស់ ចំពោះទឹកចិត្ត ឆន្ទៈ របស់កម្លាំងប្រជាការពារ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត រួមចំណែកថែរក្សាការពារសន្តិសុខមូលដ្ឋាន អនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសបានចូលរួមជួយរំលែកទុក្ខលំបាកប្រជាពលរដ្ឋឲ្យមានភាពសុខសាន្ត។

ក្នុងនោះដែរ លោកង៉ោ ម៉េងជ្រួន បាននាំយកថវិការបស់ នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ផ្តល់ជូនប្រជាការពារទាំង១៥៧នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា២ម៉ឺនរៀល៕