(ព្រះសីហនុ)៖ នៅស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំបូកសរុប ការងារប្រចាំខែមិថុនា និងលើកទិសដៅការអនុវត្តបន្ដ ដែលក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្ត អធិការស្រុកទាំងអស់ ព្រមទាំងមន្ដ្រីពាក់ព័ន្ធ ជាច្រើននាក់ផងដែរ។

នៅក្នុងកិច្ចប្រជុំនោះលោកឧត្តមសេនីយ៍ បានលើកឡើងថា កងកម្លាំងទាំងអស់ ត្រូវបន្តផ្សព្វផ្សាយផែនការអនុវត្តបន្ដ នូវការពង្រឹងការពារ ថែរក្សាសន្ដិសុខ សណ្នាប់ធ្នាប់ ក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងនោះដែរ លោកស្នងការ ក៏បានដាស់តឿនឲ្យកម្លាំង ជំនាញទាំងអស់ យកចិត្តទុកដាក់ ពង្រឹង និងផ្សព្វផ្សាយ បង្កើនការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឲ្យបានជាប់ជាប្រចាំ ព្រមទាំងបង្ការ ទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាប បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ឲ្យក្តៅដៃបំផុត។ ជាចុងក្រោយ លោកក៏បានជម្រុញការផ្ដល់ អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដល់តាមភូមិ ព្រមទាំងពង្រឹងការងារ គ្រប់គ្រងជនបរទេស ការងារសន្តិសុខ ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត៕