(កោះកុង)៖ លោក ហេង វុទ្ធី ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកគីរីសាគរ ខេត្តកោះកុង នៃគណបក្សប្រជាជនកម្ពុជា បាន ថ្លែងថា ការអភិវឌ្ឍសង្គមមួយទៅបាន គឺត្រូវពឹងផ្អែកលើស្ថេរភាព នយោបាយជាចម្បង ដើម្បីអភិវឌ្ឍន៍សង្គមឲ្យរីកចម្រើន ទៅមុខទៀត ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយ នាពេលបច្ចុប្បន្ន។

លោក ហេង វុទ្ធី បានថ្លែងដូច្នេះក្នុងពេលរូបលោក ចូលរួមប្រារព្ធពិធីអង្គមិទ្ទីញ រំលឹកខួបអនុស្សាវរីយ៍ ៦៥ឆ្នាំ នៃថ្ងៃកំណើតបក្ស ដែលបាន រៀបចំធ្វើឡើងនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា នៅស្រុកគិរីសាគរ ខេត្តកោះកុងកាលពី ចុងសប្តាហ៍កន្លងទៅ ដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋសរុបប្រមាណ ៧៥០នាក់។

ក្នុងពិធីនោះ លោក ហេងវុទ្ធីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹកពី សំណាក់សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ។

ក្នុងពិធីរំលឹកខួបអនុវស្សាវរីយ៍ ថ្ងៃកំណើតបក្សក្រោម បរិយាកាសរីករាយ លោក ហេង វុទ្ធី បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយមានអាយុកាល យូរជាងគេក្នុង ប្រទេសកម្ពុជា ហើយមានការលំបាក នៅកន្លែងណា តែងមានមន្ត្រី គណបក្សប្រជាជនកម្ពុជា ចុះជួយជានិច្ច។

លោក វុទ្ធី ក៏បានរំលឹកផងដែរ ពីការតស៊ូរំដោះប្រទេសជាតិចេញពី របបកាប់សម្លាប់ខ្មែរក្រហម និងឈានដល់ការអភិវឌ្ឍសង្គម ឲ្យមានការរីក ចម្រើនរហូតដល់បច្ចុប្បន្ន។ លោក វុទ្ធី បញ្ជាក់ថា បើគ្មានថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ទេ គឺគ្មានការអភិវឌ្ឍសង្គម ដូចសព្វថ្ងៃនេះទេ។

លោកបញ្ជាក់យ៉ាងដូច្នេះ ការអភិវឌ្ឍសង្គមមួយបានអាស្រ័យលើ ស្ថេរភាពនយោបាយជាចម្បង។ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋ  កុំចាញ់បោកការបំផុសបំផុល ឬញុះញង់ណាមួយ ធ្វើឲ្យប្រទេសជាតិមានចលាចល គ្មានស្ថេរភាព និង សុខសន្តិភាព។

ក្នុងឱកាសនោះ លោក ហេង វុទ្ធី បានជំរុញក្រុមការងារស្រុក របស់គណបក្សប្រជាជនកម្ពុជា ឲ្យបន្តចុះជួប និងជួយដោះស្រាយរាល់បញ្ហារបស់ប្រ ជាពលរដ្ឋគ្រប់ទីកន្លែង។

លោក ហេង វុទ្ធី ក៏មិនភ្លេចផងដែរ នូវការថ្លែងអំណរអរគុណ ដល់ក្រុមការងារថ្នាក់កណ្តាល ថ្នាក់មូលដ្ឋាន មេបក្សភូមិ-ឃុំ របស់គណបក្សប្រជាជនកម្ពុជា ដែលបានចំណាយពេលវេលា និងថវិកា ជួយដោះស្រាយរាល់បញ្ហា និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។

បន្ទាប់ពីការសំណេះសំណាលអបអរសាទរ ថ្ងៃកំណើតបក្សហើយនោះ លោកបណ្ឌិត ហេង វុទ្ធី ក៏បានចែកជូននូវអាវយឺតដៃវែងម្នាក់មួយចំនួន ៧៥០នាក់ នឹងបានប្រគល់អណ្តូងទឹក ដល់ឃុំទាំងពីរគឺឃុំកោះស្តេច និងឃុំភ្ញីមាស ដែលក្នុងមួយឃុំ ទទួលបានអណ្តូងទឹកមួយ៕