(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងប៉ុស្ដិ៍ផ្សារថ្មី២ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលជាសិស្សវិទ្យាល័យជម្ពូវ័ន្ត ពីបទជួញដូរគ្រឿងញៀននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះសំណាក់ «សេរីសូរិយា» នៅតាមផ្លូវលេខ៨១ ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លូនបាន ឈ្មោះ អ៊ុយ សុខសកល អាយុ២២ឆ្នាំ មានទីលំនៅបូរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោកបានបញ្ជាក់ថា ក្រោយការចាប់ខ្លួនជនសង្ស័យ កម្លាំងនគរបាលរបស់លោក បានដកហូតបានថ្នាំញៀន៤កញ្ចប់ លុយ១ម៉ឺនរៀល ទូរស័ព្ទ២គ្រឿង ម៉ូតូScoopy មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1AE-1233 និងសម្ភារមួយចំនួនទៀត។

លោកបានបញ្ជាក់ថា ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងរបស់លោក បានបន្តចុះល្បាតជាប្រចាំតាមមូលដ្ឋានទាំងថ្ងៃទាំងយប់ ដើម្បីពង្រឹងបញ្ហាសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។ ក្រោយពីធ្វើការឃាត់ខ្លូនជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌ ដើម្បីចាត់ការតាមនីតិវិធី៕