(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកអំពើឃាតកម្មយ៉ាងព្រៃផ្សៃលើ លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ កាលពីម្សិលមិញថា ជាការផ្ចាញ់ផ្ចាលដល់សុខសន្តិភាព នៅក្នុងប្រទេសកម្ពុជា ហើយសម្តេចស្នើឱ្យអ្នកនយោបាយទាំងអស់ កុំយកឃាតកម្មនេះ ដើម្បីកេងចំណេញនយោបាយ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន របស់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោក៏បានអំពាវនាវផងដែរ ឱ្យប្រជាពលរដ្ឋមានការស្ងប់ស្ងៀម ដើម្បីទុកលទ្ធភាពឱ្យសមត្ថកិច្ចបន្ត នីតិវិធីរបស់ខ្លួនឱ្យបានពេញលេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋ នឹងទុកលទ្ធភាពឱ្យក្រសួងស្ថាប័នមានសមត្ថកិច្ច ធ្វើកិច្ចការរបស់គេ ដោយត្រឹម ត្រូវម៉ត់ចត់ ហើយជៀសវាងបង្វែបញ្ហាពីសោកនាដកម្មមួយនេះ ទៅជាបញ្ហាខាងនយោបាយដែលនាំឱ្យល្អក់កករដល់សភាពការណ៍។ សង្ឃឹមថារឿងទាំងនេះ អ្នកនយោបាយផ្សេងទៀត នឹងមិនប្រើប្រាស់បញ្ហាទាំងនេះ ធ្វើជាបញ្ហានយោបាយអុចអាលដែលនាំឱ្យជាតិចលាចលនោះទេ»

លោកបណ្ឌិត កែម ឡី អ្នកវិភាគអំពីបញ្ហាសង្គមដ៏ល្បីនៅក្នុងប្រទេសកម្ពុជា ត្រូវបានឃាតករបាញ់សម្លាប់ នៅក្នុងស្តាម៉ាត (Star Mart) ស្តុបបូកគោ ស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម៉ោង៨៖៥០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខណៈកំពុងអង្គុយទទួលទានកាហ្វេ។ លោកត្រូវឃាតកបាញ់២គ្រាប់ ក្នុងនោះ១គ្រាប់ចំក្បាល និងមួយគ្រាប់ទៀតត្រូវ ដើមដៃធ្លាយដល់ក្រោមដោះ ហើយឃាតករដែលបាញ់សម្លាប់ លោក កែម ឡី ម្នាក់ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានផងដែរ។

សម្តេចតែជោ ហ៊ុន សែន បានសម្តែងនូវមរណទុក្ខជាថ្មីជូនដល់ក្រុមគ្រួសាររសព លោក កែម ឡី ហើយថ្កោលទោសចំពោះឃាតកម្ម ដ៏ព្រៃផ្សៃនេះម្តងទៀត។ ជាមួយគ្នានេះ សម្តេចបញ្ជាឱ្យសមត្ថកិច្ចតាមស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងអ្នកផ្សំគំនិតក្នុងករណីឃាតកម្មនេះ យកមកផ្តន្ទាទោសផងដែរ។

សម្តេចថា «នេះគឺជាលើកទី២ហើយ ដែលយើងបានជួបប្រទះនូវស្ថានភាពបែបនេះ លើកទី១ គឺលោកឧកញ៉ា អ៉ឹង ម៉េងជឺ ឯលើកទី២ កាលពីម្សិលមិញនេះ គឺលោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគដ៏ល្បីល្បាញមួយរូប»

សម្តេចតេជោ ហ៊ុន សែន បាននិយាយថាឃាតកម្មរបស់ លោក កែម ឡី គឺជាការប៉ះពាល់ដ៏ធំធេងដល់ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ហើយចោទជាសំណួរថា តើនរណាជាអ្នកទទួលផលប្រយោជន៍ខ្លាំងបំផុតចំពោះរឿងនេះ? សម្តេច៖ «ខ្ញុំគិតថាតើនរណានឹងទទួលបាន ផលចំណេញពីសោកនាដកម្មដែលកើតឡើងនេះ ហើយតើនរណាដែលទទួលផលចំណេញ ហើយនរណានឹងទទួលផលខាត រាជរដ្ឋាភិបាលគឺពិតជាទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះមុខមាត់ អំពីកង្វះដែលហៅថា ម្ខាងគឺអសមត្ថភាពក្នុងការការពារសន្តិសុខសម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែម្ខាងទៀត ត្រូវបានគេលាបពណ៌ភ្លាមអំពីបញ្ហានេះ ដែលមានចរឹតជាបញ្ហានយោបាយ»

កាលពីម្សិលមិញ ទាំងរាជរដ្ឋាភិបាលកម្ពុជា គណបក្សនយោបាយ អង្គការសង្គមស៊ីវិល រួមទាំងប្រជាពលរដ្ឋកម្ពុជាជាច្រើន បានថ្កោលទោសចំពោះករណីឃាតកម្មសម្លាប់ លោកបណ្ឌិត កែម ឡី។ ក្រុមប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានសម្រុកទៅកាន់កន្លែងកើតហេតុ ដើម្បីសម្តែងការឈឺចាប់ នៅពេលដែលកម្ពុជាបាត់បង់ធនធានដ៏សំខាន់ម្នាក់។ ជាមួយគ្នានេះពួកគេក៏បានជួយដង្ហែសព លោក កែម ឡី ពីចំណុចស្តាម៉ាតបូកគោ ទៅកាន់វត្តចាស់ ស្ថិតនៅខណ្ឌជ្រោយចង្វារផងដែរ។

ដោយឡែកជនសង្ស័យម្នាក់ដែលពាក់ព័ន្ធនឹងការបាញ់សម្លាប់ លោក កែម ឡី ត្រូវបានលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ អះអាងថា ត្រូវបានសមត្ថកិច្ចដេញចាប់យ៉ាងប្រផាប់ប្រភីង បន្ទាប់ពីធ្វើសកម្មភាពភ្លាមៗ រហូតដល់ចាប់ខ្លួនបាននៅផ្លូវសុធារស។ ជនសង្ស័យ ដែលមានអាវប្រឡាក់ឈាមនេះ បានសារភាពថាខ្លួនមានឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ជាពលករនៅប្រទេសថៃ ហើយថា ការសម្លាប់ នេះដោយសារតែ ជំពាក់ប្រាក់មិនសង។ ប៉ុន្តែលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងនៅក្នុងសន្និសីទកាលពីម្សិលមិញ បានអះអាងថា បុរសម្នាក់នេះគឺឃាតករពិតប្រាកដ ប៉ុន្តែលោកពុំជឿថា ឃាតករនេះមានឈ្មោះពិតថា «ជួប សម្លាប់» ដូចការសារភាពទេ។

ទោះជាយ៉ាងណា លោកថា សមត្ថកិច្ចបានរកឃើញពន្លឺជាច្រើន នៅក្នុងសំណុំរឿងនេះដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធ៕