(ភ្នំពេញ)៖ ក្រៅពីការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគល្បាញល្បី នៅកម្ពុជា និងប្រកាសថ្កោលទោសដាច់ណាត់ចំពោះអំពើឃោរឃៅនេះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃចន្ទនេះ ក៏បានស្នើសុំឲ្យអ្នកនយោបាយដទៃទៀត កុំឲ្យយកឃាតកម្មលើលោក កែម ឡី ធ្វើជារឿងនយោបាយ ដោយទុកពេលឲ្យកងកម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវដោយល្អិតល្អន់ ដើម្បីកុំឲ្យប្រែក្លាយសោកនាដកម្មនេះទៅជាបញ្ហាផ្សេងទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា ករណីនេះជាការប៉ះពាល់មុខមាត់ធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាល ម្ខាងបង្ហាញពីការអសមត្ថភាព នៃការការពារសន្តិសុខសម្រាប់ប្រជាពលរដ្ឋ​ តែម្ខាងទៀតត្រូវបានគេលាបពណ៌ភ្លាមៗ អំពីករណីបាញ់ប្រហារនេះ ដែលមានចរិតជាបញ្ហានយោបាយ ដូច្នេះសង្ឃឹមថា ប្រជាពលរដ្ឋនឹង ទុកលទ្ធភាពឲ្យកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវដោយល្អិតល្អន់ ដោយជៀសវាងបង្វែបញ្ហាសោកដនាកម្មមួយនេះ ទៅជាបញ្ហាខាងនយោបាយដែលនាំឲ្យល្អក់កក់ទៅដល់សភាពការណ៍នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សង្ឃឹមថារឿងនេះ អ្នកនយោបាយផ្សេងទៀត នឹងមិនប្រើប្រាស់បញ្ហានេះធ្វើជាបញ្ហានយោបាយ អុជអាល ដែលនាំឲ្យជាតិចលាចលនោះទេ»

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ ខណៈដែលសម្តេចតេជោ អញ្ជើញជាអធិបតីសម្ពោធដាក់ ឲ្យប្រើប្រាស់អគារ ចំនួនពីរ រួមនិងប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕

សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖