(រតនគិរី)៖ សម្រាប់ករណីប្លន់ប្រដាប់អាវុធ នៅស្រុកវឺនសៃ ខេត្តរតនគិរី កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នោះ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាល ស្រុកវឺនសៃ ក្រោមការសម្របសម្រួល ពីតំណាងអយ្យការ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ បានចុះឆែកឆេរប្រពន្ធចុង របស់ក្រុមចោរប្លន់នៅភូមិទៀមក្រោម ឃុំភ្នំកុក ស្រុកវ៉ើនសៃ ដោយរកឃើញអាវុធ និងវត្ថុតាងជាច្រើនផ្សេងទៀត។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលស្ថិតនៅ ក្នុងអំពើប្លន់ខាងលើនេះមានឈ្មោះ ក្រាយ ច្រំ ជនជាតិលន់ ដោយឡែកប្រពន្ធចុងមានឈ្មោះ ពេជ្រ ផល្លី។ បើតាមមន្រ្តីនគរបាល​ពេលចុះឆែក​ឆេរ​នោះ សមត្ថកិច្ចបានរកឃើញ អាវុធAKកាត់ស្វាយ១ដើម បង់១ គ្រាប់២៦គ្រាប់ និងអាវុធខ្លី១ដើម បង់១គ្រាប់៩គ្រាប់ កងដៃផ្លាក់ទីន១វង់ ក្រវិលផ្លាក់ទីន១គូ ចិញ្ចៀនផ្លាក់ទី១វង់ និងខោខូវប៊យ២។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ មានជនល្មើស២នាក់ ប្រដាប់ដោយអាវុធវែង១ដើម បានចូលធ្វើសកមុ្មភាពគំរាមភ្ជង់ ហើយចាប់ចងម្ចាស់ផ្ទះ២នាក់ប្តី-ប្រពន្ធ រួចបានប្រមូល​យក​សម្ភារមួយចំនួន នៅចំណុចផ្លូវចូលក្រុមហ៊ុនម៉ាងយ៉ាង ស្ថិតនៅភូមិវ៉ង ឃុំកាចូន ស្រុកវឺនសៃ។ មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មានម្ចាស់ផ្ទះឈ្មោះ ហ្វៀង វ៉ាងគាន អាយុ៣០ឆ្នាំ ជនជាតិ​វៀតណាម និងប្រពន្ធឈ្មោះ ទូច ស្រីនិច អាយុ២៤ឆ្នាំ ជនជាតិខ្មែរ។  សមត្ថកិច្ចបន្ដថា មុនពេលកើតហេតុ មានក្រុមចោរមួយក្រុម បានធ្វើសកម្មភាពចូលភ្ជង់ប្លន់ និងចាប់ម្ចាស់ផ្ទះចង ក្រោយមក​ក្រុមចោរនេះ បានប្រមូលយកទ្រព្យសម្បត្តិមួយចំនួនដូចជា ខ្សែកមាស២ជី ខ្សែដៃប្លាកទីន២ជី ជញ្ជៀនមាស២វង្វង់(២ជី) បារី២០សុង លុយខ្មែរចំនួន៦០ម៉ឺនរៀល និងលុយវៀតណាម១លានដុង ក្រោយមករត់គេចខ្លូនបានស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវយ៉ាងដុតដៃ ដុតជើង ដើម្បីស្វែងរកជនសង្ស័យ មកមកផ្តន្ទាទោសតាមច្បាប់។ ទាក់ទិនករណីនេះដែរ ប្រជាពលរដ្ឋរស់នៅខេត្តរតនគិរី មានមតិលើកឡើងស្រដៀងគ្នាថា សមត្ថកិច្ចនៅខេត្តរតនគិរី មានការយឺតយ៉ាវ ក្នុងការអន្តរាគមន៍ ខណៈពេលដែលមានហេតុការណ៍កើតឡើងម្ដងៗ ហើយករណីចោរប្លន់ប្រដាប់អាវុធកើតឡើងកន្លងមក សមត្ថកិច្ចធ្វើការស្រាវជ្រាវ រកមុខសញ្ញាជនសង្ស័យមកផ្តន្ទាទោស តាមច្បាប់នោះ នៅមានកម្រិត៕