(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក JOHN KIRBY បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងក្តីរន្ធត់ និងបារម្ភ ក្រោយមានព័ត៌មានស្តីពីការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ហើយអះអាងថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះករណីនេះ។

តាមរយៈសេចក្តីថ្លែងការណ៍ដែលចេញកាលពីម្សិលមិញ បានឱ្យដឹងថា «យើងមានការរន្ធត់និងបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មាន ស្តីពីការបាញ់សម្លាប់ដ៏ រន្ធត់លើអ្នកវិភាគនយោបាយ ដ៏សំខាន់របស់ប្រទេសកម្ពុជា លោកបណ្ឌិត កែម ឡី ។ យើងសូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រែមក្រំនិងស្មោះស្ម័គ្រ ដល់ក្រុមគ្រួសារ មិត្ត ភ័ក្ត និងសហការី របស់លោក បណ្ឌិត កែម​ឡី»។ 

អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា «យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នៅក្នុងករណីនេះ និងបានកត់សំគាល់ ផងដែរពីការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា អោយមានការស៊ើបអង្គេត និងសូមអំពាវនាវអោយអាជ្ញាធរធ្វើការស៊ើបអង្កេត ក្នុងករណីនេះដោយម៉ត់ចត់ និងមិនលំអៀង»

សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី អ្នកវិភាគអំពីបញ្ហាសង្គមដ៏ល្បីនៅក្នុងប្រទេសកម្ពុជា ត្រូវបានឃាតករបាញ់សម្លាប់ នៅក្នុងស្តាម៉ាត (Star Mart) ស្តុបបូកគោ ស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម៉ោងជិត៩នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខណៈកំពុងអង្គុយទទួលទានកាហ្វេ។ លោកត្រូវឃាតករបាញ់២គ្រាប់ ក្នុងនោះ១គ្រាប់ចំក្បាល និងមួយគ្រាប់ទៀតត្រូវ ដើមដៃធ្លាយដល់ក្រោមដោះ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ ហើយឃាតករដែលបាញ់សម្លាប់ លោក កែម ឡី ម្នាក់ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានផងដែរ៕