(ព្យុងយ៉ាង)៖ កងទ័ពនៃប្រទេសកូរ៉េខាងជើង បានចេញសេចក្តីព្រមានមួយទៅកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ថានឹងចាត់វិធានការជាក់ស្តែងប្រឆាំងនឹង ការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD នៅលើទឹកនៃតំបន់ ឧបទ្វីបកូរ៉េនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦។

កូរ៉េខាងជើង បានចេញសារព្រមាននៅព្រឹកថ្ងៃចន្ទ ដូច្នេះថា «ការចាត់វិធានការក្តៅ និងជាក់ស្តែងនេះ នឹងត្រូវធ្វើ នៅពេលដែលមានការពង្រាយប្រព័ន្ធ THAAD នៅទីតាំងដែលត្រូវបានកំណត់នោះតែម្តង»។ ការគំរាមនេះផងដែរ បានចេញដោយ ការិយាល័យកាំភ្លើងធំ និង អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េ ដែលត្រូវបានចេញផ្សាយដោយ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានសម្រេចកិច្ចព្រមព្រៀងរួមគ្នាមួយ កាលពីសប្តាហ៍មុននេះ ដែលនឹងធ្វើការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីលផ្លោង THAAD នៅលើទឹកដីកូរ៉េខាងត្បូង ដើម្បីការពារការបង្ក ហេតុណាមួយពីសំណាក់ប្រទេសកូរ៉េខាងជើង។ ប៉ុន្តែចំណាត់ការដែលគ្រោងអនុវត្តន៍នៅចុងឆ្នាំ ២០១៧ ខាងមុខនេះ មិនមែនត្រឹមតែកូរ៉េខាងជើងទេដែលក្តៅក្រហាយ ដោយសូម្បីតែ ចិន និងរុស្ស៊ី ក៏បានគំរាមមិនឲ្យធ្វើបែបនេះដែរ៕