(ស្វីស)៖ អតីតប្រធាន FIFA លោក Sepp Blatter បានចូលមន្ទីរពេទ្យស្ថិតក្នុងទីក្រុង Zurich ប្រទេសស្វីស ដើម្បីវះកាត់ជំងឺមហារីកស្បែករបស់លោក នាថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦ នេះក្នុងវ័យ៨០ឆ្នាំ។

អ្នកនាំពាក្យរបស់បុរសជនជាតិស្វីស Sepp Blatter លោក Thomas Renggli បានថ្លែងប្រាប់សារព័ត៌មាន AP ថា ដំណើរការនៃការវះកាត់ជំងឺមហារីកស្បែករបស់លោក Sepp Blatter កំពុងដំណើរការយ៉ាងរលូននៅឡើយ គិតចាប់តាំងពីថ្ងៃពុធមក ដែលបានចេញពីមន្ទីរពេទ្យម្តងរួចមកហើយ កាលពីថ្ងៃព្រហស្បតិ៍ក្នុងសប្តាហ៍នេះ និងវិលមកវិញថ្ងៃអាទិត្យនេះម្តងទៀត ដើម្បីវះកាត់បន្តទៀត។

សូមរំលឹកថា លោក Sepp Blatter បានកាន់តំណែងជាប្រធាន FIFA រយៈពេល១៧ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៥ ប៉ុន្តែតំណែងរបស់គាត់ត្រូវបានបញ្ចប់ទាំងស្រុងនៅពេលគណៈកម្មាធិការ FIFA បានប្រជុំសម្រេចព្យួរ តំណែងរបស់លោករយៈពេល ៦ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយនាពេលកន្លងមក និងបោះឆ្នោតជ្រើសរើសប្រធានថ្មីរួច ហើយផងដែរ។

ទន្ទឹមគ្នានោះ បុរសវ័យជរា អាយុ៨០ឆ្នាំ Sepp Blatter នឹងឡើងតុលាការ CAS (Court of Arbitration for Sport) ចំពោះបន្តឹង អំពីការសម្រេចព្យួរមុខតំណែងរបស់លោក ពីសំណាក់គណៈកម្មាធិការ FIFA នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ខាងមុខផងដែរ៕