(ត្បូងឃ្មុំ)៖ គួរឲ្យអាសូយ៉ាងពន់ពេក នៅពេលដែលក្រុមក្មេងៗ៣នាក់ បានរើសគ្រាប់យកទៅ​បោកលេង​បណ្តាលឲ្យផ្ទះ​ស្លាប់២នាក់ បងប្អូនបង្កើត និងក្មេងម្នាក់ទៀតនៅរស់​ក្នុងភូមិជាមួយគ្នា​បានរ​ង​របួស​​ធ្ងន់។ ហេតុការណ៍ដ៏គួររន្ធត់ខាងលើនេះ បានកើតឡើង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចខាងត្បូងចំការរបស់ឈ្មោះ មឿន ហឿន ចម្ងាយ៥០០ម៉ែត្រ នឹងខាងត្បូង​ភូមិជាំអំ​ពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

មន្រ្តីនគរបាលស្រុកមេមត់ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ឈ្មោះ ផ្លិច អាត អាយុ៤៩ឆ្នាំ បានបើកថេឡេថង ទៅភ្ជួដីដោយមានក្មេង​ទៅជា​មួយ​ចំនួន៣នាក់ ក្នុងនោះកូនប្រុសរបស់ខ្លួន​២នាក់ និងក្មេងនៅក្នុងភូមិម្នាក់។ ប៉ុន្តែនៅពេលដែលបុរសជាឪពុកកំពុងតែភ្ជួរស្រែនោះ ស្រាប់តែក្មេងរងគ្រោះទាំង៣នាក់ ទៅរើសគ្រាប់បាន យកទៅបោកលេង បណ្តាលឲ្យផ្ទុះកក្រើកដូចរន្ទះ ស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់។ សម្រាប់សពទំាំង២នាក់ បងប្អូន ស្ទើរមើលមិនយល់នោះឡើយ ដោយសារតែដងខ្លួន និងរាងកាយទាំងមូល ត្រូវគ្រាប់អំបែងយ៉ាងខ្លាំង។ មន្រ្តីនគរបាលបានបន្តទៀតថា ក្មេងប្រុសទី១-ឈ្មោះ អាត សាត អាយុ១៣ឆ្នាំ ទី២-ឈ្មោះ អាត សីហា អាយុ៦ឆ្នាំ ដែលពួកគេទាំង២នាក់ត្រូវជាកូន និងទី៣-ឈ្មោះ ផាង ផានី អាយុ១៤ឆ្នាំ រស់នៅភូមិជាមួយគ្នា។

សម្រាប់ហេតុការណ៍មួយនេះលោក ហាក់ សុខមករា ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ បានចាត់តំណាងរបស់លោកនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៥០ម៉ឺនជូនគ្រួសារសពក្មេងប្រុសទាំង២នាក់ និងនាំយកថវិកាចំនួន៥០ម៉ឺនរៀលទៀត ទៅប្រគល់ជូនគ្រួសារសពក្មេងប្រុសដែលរងរបួសធ្ងន់។ ក្រុមការងារយុវជន គណបក្សប្រជាជន​កម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដែលបានជួបគ្រោះថ្នាក់សង្គមមួយនេះ៕