(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន លោក អ៉ី ឈាន ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលចុះ​ជួយខេត្ត​ប៉ៃលិន បានអញ្ជើញជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលជាថ្នាក់ដឹកនាំឃុំ សង្កាត់ និងសាខាបក្សភូមិទូទាំង ខេត្តប៉ៃលិន ក្នុងនោះក៏​មាន​ការ​ចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការគណបក្សខេត្ត សាខាបក្សមន្ទីរ អង្គភាព គណៈកម្មាធិការគណបក្សក្រុង ស្រុក និងឃុំ សង្កាត់ទាំង៨ និងសាខាបក្សភូមិ សរុបចំនួន២៥៥នាក់។

ដោយការជួបសំណេះសំណាលនេះ ដើម្បីផ្សព្វផ្សាយនូវព្រឹត្តការណ៍នយោបាយវិវឌ្ឍន៍ក្នុងសង្គមថ្មីៗ ដើម្បីឲ្យថ្នាក់ដឹកនាំរបស់គណបក្ស ក្នុងមូលដ្ឋានបានជ្រួតជ្រាប និងរំលឹកឡើងវិញនូវការតស៊ូ ក្នុងការ​កសាងប្រទេសជាតិ របស់គណបក្សប្រជាជនកម្ពុជា តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជូនជាតិមាតុភូមិ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសន្តិភាព ទទួល​ជីវ​ភាពកាន់តែល្អប្រសើរឡើង និងដើម្បីបង្កើនភាពស្និទ្ធស្នាល សាមគ្គីភាពផ្ទៃក្នុងរបស់បក្សបន្ថែមទៀត។

ក្នុងឱកាសនោះ លោកបានផ្តាំផ្ញើរដល់សមាជិក សមាជិការបស់​គណបក្សទាំងអស់ ត្រូវខិតខំប្រឹងប្រែង និងត្រៀមខ្លួនរក្សាប្រៀបឈ្នះ​ក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៤ នាពេលខាង​មុខ និងធ្វើការជម្រុញដល់សមាជិក សមាជិការបស់​គណបក្សឲ្យអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបាន​គ្រប់ៗគ្នាហើយ សូមឲ្យគណបក្សមូលដ្ឋានឃុំ សង្កាត់ សាខាបក្សភូមិ ត្រូវផ្សព្វផ្សាយដល់​បងប្អូន​ប្រជាពលរដ្ឋ កុំឲ្យចាញ់បោកអ្នកនយោបាយ ដែលតែងតែដើរឃោសនា បោកប្រាស់ ញុះញង់ និងសន្យាខ្យល់ មិនដែលបានធ្វើអ្វី ដើម្បីសង្គម និងប្រជាជនសោះ គឺមានតែគណបក្ស ប្រជាជនតែមួយ​គត់បានជួយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គ្រប់ពេល គ្រប់ទីកន្លែង គ្រប់ស្ថានភាព គ្រប់កាលៈទេសៈទាំងអស់ គឺនៅជាប់ជានិច្ចជាមួយប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជន។

លោកបានបន្តទៀតថា យើងទាំងអស់គ្នា ជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សូមប្តេជ្ញាដាច់ខាតថែរក្សាការពារនូវ សុខសន្តិភាព និងសមិទ្ធផលនានារបស់ជាតិ ជូនប្រជាជន និងប្រទេស​ជាតិ ព្រមទាំងធ្វើការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែសប្បូរសប្បាយ ប្រកបដោយចិរភាព សម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀតផងដែរ៕