(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ លោក កែម ឡី អ្នកវិភាគឯករាជ្យរបស់កម្ពុជាមួយរូប ត្រូវបានឃាតកបាញ់សម្លាប់ ក្រោយបែកធ្លាយដំណឹងថា លោក កែម ឡី មានបំណងស្នើសុំជួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ 

លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុង Start mart ស្តុបបូកគោ ខណ្ឌចំការមន ហើយខ្មាន់កាំភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់បាន ពាក់ព័ន្ធការបាញ់សម្លាប់លោក កែម ឡី ក្រោយកើតហេតុភ្លាមៗ ដោយសារតែឃើញអាវប្រឡាក់ឈាម។ ខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ជាជាងបាញ់ថ្នាំនៅប្រទេសថៃ។

ខាងក្រោមនេះជាការរៀបរាប់ទាំងស្រុងរបស់លោក សយ សុភាព អំពីបំណងលោក កែម ឡី ស្នើសុំជួបសម្តេចតេជោ នៅលើគេហទំព័ររបស់លោករសៀលថ្ងៃទី១០ ខែកក្កដានេះ៖

«ខ្ញុំសូមចូលរួមរំលែកទុក្ខ ដ៏ក្រុមគ្រួសារនៃសព និងបួងសួងសុំឲ្យវិញ្ញាណក្ខន្ធ របស់លោក ទៅកាន់សុគតិភព។ ខ្ញុំបានទទួលដំណឹង អំពីការស្លាប់របស់លោក តាមរយៈសហការរី ដែលបានទៅយកព័ត៌មាន នៅកន្លែងកើតហេតុ ដែលមុនដំបូង គិតត្រឹមថា ជាករណីឃាតកម្ម ទៅលើបុគ្គលផ្សេង ដែលមិនមែនរូបលោកកែម ឡី ។ ប៉ុន្តែក្រោយមកសហការីរបស់ខ្ញុំបានប្រាប់ថា លោកកែម ឡី ត្រូវបានគេបាញ់ស្លាប់ ធ្វើឲ្យខ្ញុំតក់ស្លុតបំផុត ខណៈខ្ញុំនិងអ្នកសារព័ត៌មាន អាជីពមួយចំនួន កំពុងទទួលទានអាហារ ពេលព្រឹក នៅភោជនីយដ្ឋានដើមមាន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទីកន្លែងដែលអ្នកកាសែត ជួបជុំស្រស់ស្រូបអាហារពេលព្រឹក និងពិភាក្សាគ្នាទៅវិញទៅមក។ ក្រោយទទួលព័ត៌មាន ដ៏រន្ធត់នេះ ភ្លាម និងខ្ញុំនិងសហការី នៃអង្គភាពផ្សេងៗពីគ្នា មកកន្លែងកើតហេតុ។ ពេលមកដល់ ខ្ញុំក៏សុំឲ្យសមត្ថកិច្ច ដើម្បីបានថតរូបភាព និងលើកដៃបួងសួង សុំខុមាលទោស វិញ្ញាណក្ខន្ធលោក កែម ឡី ព្រមទាំងសារព័ត៌មាន ដើមអម្ពិល របស់ខ្ញុំ ក៏បានបង្ហោះព័ត៌មាន ទាន់ហេតុការណ៍ភ្លាមៗ ស្តីអំពី ឃាតកម្មទៅលើលោក កែម ឡី។ ក្នុងអាការៈស្លុតរន្ធត់ ខ្ញុំក៏បានបែរមកខាងក្រៅ ក៏ក្រឡេកឃើញភរិយា របស់លោកកែម ឡី កំពុងតែអង្គុយយំ សោកបោកខ្លួន គួរឲ្យសង្វេគ មើលសពស្វាមីតាមកញ្ចក់ ខណៈកូនស្រី កំពុងឈរទ្រហោយំ យកដៃទល់កញ្ចក់។

ភ្លាមៗក្រោយពីខ្ញុំ បានថតរូបសព លោក កែម ឡី ហើយ ខ្ញុំក៏បានស្ទុះមកចាប់ដៃ ភរិយារបស់លោកកែម ឡី ហើយក៏បានប្រាប់នគរបាល ដែលកំពុងឈរយាម នៅមាត់ទ្វារ ឲ្យជួយមើលថែរក្សាគាត់ផង កុំឲ្យមានការចោមរោម ខ្លាចស្ទះខ្យល់។ ខ្ញុំសូមបញ្ជាក់ថា មូលហេតុអ្វី ដែលខ្ញុំតក់ស្លុតខ្លាំងម៉េស ព្រោះខ្ញុំទើបតែសរសេរព័ត៌មាន ដែលបានសម្ភាសន៍លោក កែម ឡី អំពីសភាអឺរ៉ុប គ្រោងនឹងប្រជុំអំពី បញ្ហាកម្ពុជា នៅថ្ងៃ១៣ កក្កដា ឆ្នាំ២០១៦នេះ។
អ្វីដែលតក់ស្លុតថែមទៀតនោះ គឺខ្ញុំបានជួបលោក កែម ឡី ចុងក្រោយបង្អស់ កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០១៦ ពោលមួយសប្តាហ៍មុន ។ ការជួបរបស់ខ្ញុំជាមួយលោកកែម ឡី គឺបានអង្គុយជជែកគ្នា ជាង១ម៉ោង នៅក្នុងហាងស្តារម៉ាតនេះ តែម្តងនិងតុកៅអីនេះដដែល។ នៅក្នុងពេលអង្គុយនោះ ក៏មានបងស្រីម្នាក់ គាត់បានចូលទិញកាហ្វេ ហើយក៏បានអង្គុយរួមតុ ជាមួយខ្ញុំ យើងទាំង៣នាក់ ក៏បានជជែកគ្នាពីនេះពីនោះ។ នៅក្នុងការជជែកគ្នានេះ បងកែម ឡី បានប្រាប់ខ្ញុំ អំពីគោលបំណងរបស់គាត់ថា ចង់ជួបសម្តេចហ៊ុន សែន។

លោក កែម ឡីបានប្រាប់ខ្ញុំថា ខ្ញុំបានព្យាយាមទាក់ទង ទៅមន្រ្តីខុទ្ទកាល័យ និងថ្នាក់ដឹកនាំជាន់ខ្ពស់ មានតួនាទីជា ឧបនាយករដ្ឋមន្រ្តី ១រូប កាលពីពេលកន្លងទៅ ដើម្បីជួយជម្រាបព័ត៌មាន ទៅសម្តេចតេជោ ហ៊ុន សែន ពីគោលបំណង របស់គាត់សុំជួប។ គាត់ក៏ប្រាប់ខ្ញុំទៀតថា ប៉ុន្តែមន្រ្តីទាំងនោះ មិនអាចរៀបចំឲ្យគាត់ជួបបាន ឬប្រហែលជា មិនហ៊ានរាយការណ៍ ជូនសម្តេច។ ពេលនោះបង កែម ឡី ក៏បានសួរខ្ញុំថា សុភាពឯងអាចជម្រាបជូន សម្តេចបានទេ? ខ្ញុំក៏បានសួរត្រឡប់ទៅលោក កែម ឡី វិញថា តើបងពិតជាចង់ជួបមែន ទេ ឥឡូវនេះ តើការជួបរបៀបយ៉ាងដូចម្តេច ? លោក កែម ឡី បានឆ្លើយថា សុំជួបជាផ្លូវការ ដើម្បីចង់ដឹងអំពីយុទ្ធសាស្រ្ត នយោបាយ របស់សម្តេច និងមានគំនិតតិចតួចខ្លះ ចង់ជូនយោបល់ទៅសម្តេច ។ ភ្លាមៗ ខ្ញុំក៏បានយកអាយផេតពីកាបូប ក៏សរសេរជាព័ត៌មានខ្លីខ្លះ ជូនទៅសម្តេចតេជោ តាមតេឡេក្រាម។

មុនការបញ្ជូន ខ្ញុំក៏បានឲ្យបង កែម ឡី ពិនិត្យមើលអត្ថន័យនិងខ្លឹមសារ រួចហើយលោកក៏បានឯកភាព ខ្ញុំក៏បានបញ្ជូនទៅសម្តេច ភ្លាមនាពេលនោះ។
ប្រហែលជាមួយសន្ទុះក្រោយមក ខ្ញុំក៏បានជម្រាបលាបង កែម ឡី។ លុះល្ងាចឡើង សម្តេចក៏បានទទួលយល់ព្រម ឲ្យបងកែម ឡី ជួប ដោយសម្តេច ណែនាំឲ្យខ្ញុំ ជម្រាបទៅបងកែម ឡី សរសេរលិខិតជាផ្លូវការ។ ខ្ញុំក៏បានទូរស័ព្ទ ភ្លាមៗនោះដែរ ទៅជូនលោក កែម ឡី ថា សម្តេចយល់ព្រមឲ្យជួប តែសុំឲ្យបងសរសេរលិខិតផ្លូវការ។

លុះក្រោយមកនៅក្នុងសប្តាហ៍នេះ ខ្ញុំក៏បានព្យាយាមទូរស័ព្ទ ទៅបង កែម ឡី ប៉ុន្តែទូរស័ព្ទចូលលោក កែម ឡី ពុំបានលើក រហូតដល់ល្ងាចថ្ងៃសុក្រ វេលាម៉ោង៦និង១នាទី ល្ងាចខ្ញុំបានទូរស័ព្ទ ទៅលោកកែម ឡី ម្តងទៀត ដោយបាននិយាយថា ខ្ញុំបានទូរស័ព្ទទៅបង ច្រើនដងដែរ តែបងមិនបានលើក ប្រហែលជាបងរវល់។

លោក កែម ឡី ក៏បានឆ្លើយតបថា អត់បានលើកដោយសាររវល់ ហើយខ្ញុំក៏ប្រាប់ទៅលោកកែម ឡី ថា បងសរសេរលិខិត ហើយឬនៅ ដើម្បីខ្ញុំដាក់ជូនទៅសម្តេច ពេលនោះ បងកែម ឡីឆ្លើយថា អត់ទាន់បានសរសេរហើយថា អត់ដែរសរសេរសំបុត្របែបនេះ ធ្លាប់តែសរសេររបាយការណ៍ ហើយចាំយើងជួបគ្នាហើយសរសេរ។ សម្តេចបានប្រាប់ខ្ញុំបន្ថែមទៀតថា ពេលសម្តេចត្រឡប់មកពីម៉ុងហ្គោលី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ សម្តេចនឹងអនុញ្ញាតឲ្យ លោកកែម ឡីជួបជាផ្លូវការ ប៉ុន្តែ មិនទាន់បាននឹងជម្រាបជូន ព័ត៌មាននេះ ទៅលោកកែម ឡីផង គាត់ក៏ត្រូវបានឃាតក ដ៏សាហាវយង់ខ្នង មកផ្តាច់ជីវិតរបស់លោកភ្លាម។ មិនតែប៉ុណ្ណោះ ខ្ញុំក៏ដូចជាអ្នកសារព័ត៌មាននិងមេសហជីពខ្លះក៏បានជួបលោក កែម ឡី ផងដែរ នៅក្នុងឱកាសទូតអាមេរិករៀបចំបុណ្យខួបឯករាជ្យ លើកទី២៤០ ដែលរៀបចំ កាលពីថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគារត្រើយម្ខាង។ យើងទាំងអស់គ្នានាពេលនោះ បានជជែកសប្បាយ ជាមួយគ្នាថែមទាំងថតរូប ទុកជា អនុស្សាវរីយ៍ ផងដែរ។ នេះជាការរៀបរាប់ របស់ខ្ញុំ នៅអនុស្សាវរីយ៍ជាមួយ លោក កែម ឡី ជាចុងក្រោយ ហើយខ្ញុំពិតជារន្ធត់ ព្រោះខ្ញុំបានស្រមៃថា កាលពី សប្តាហ៍កន្លងទៅ ខ្ញុំនិងលោកកែម ឡី បានអង្គុយជជែកគ្នានៅកន្លែង កើតហេតុយ៉ាងច្រើន ថែមទាំងបងស្រីម្នាក់អង្គុយ រួមតុជាមួយគ្នាបានជជែកគ្នា ជាច្រើនផងដែរ»៕