(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានអះអាងនៅរសៀលថ្ងៃអាទិត្យនេះថា សមត្ថកិច្ចមានតម្រុយជាច្រើនក្នុងការបន្តស្រាវជ្រាវស៊ើបអង្កេតលើករណីបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ និងអ្នកផ្សំគំនិតផ្សេងទៀត បន្ទាប់ពីចាប់បានឃាតករដែលធ្វើសកម្មភាពរួចភ្លាមៗ។

លោក ជួន សុវណ្ណ បានអះអាងបែបនេះ នៅក្នុងសន្និសីទកាសែតមួយ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការបង្ហាញមុខជនសង្ស័យលើករណីបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នៅក្នុង Star Mart បូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យនោះបានសារភាពថាខ្លួនមានឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ជាពលករនៅប្រទេសថៃ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីរកអ្នកដែលនៅពីក្រោយឃាតកម្មនេះ ឬក៏អ្នករួមគំនិត ឬក៏បក្ខពួក ដែលចូលរួមនៅក្នុងការងារប្រព្រឹត្តអំពើមនុស្សឃាតនេះ»។ លោកបន្ថែមទៀតថា «បន្ទាប់ពីចាប់ជនសង្ស័យបាន តាមរយៈការសារភាព តាមរយៈចម្លើយមួយចំនួន ដែលពាក់ព័ន្ធយើងឃើញថា យើងមានពន្លឺជាច្រើនដែលយើងឈានបន្តទៅកិច្ចការស្រាវជ្រាវបន្តទៅទៀត»។

លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវសង្គម ដែលគេឱ្យងារថា ជាអ្នកវិភាគនយោបាយឯករាជ្យ ត្រូវបានឃាតករបាញ់សម្លាប់ ខណៈពេលលោកកំពុងអង្គុយក្នុង Star Mart បូកគោ ស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨៖៥០ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ។

លោក ជួន សុវណ្ណ បាននិយាយថា លោក កែម ឡី ត្រូវបានឃាតករបាញ់ចំនួន២គ្រាប់ ដែលគ្រាប់ទី១ ត្រូវចំក្បាល ហើយគ្រាប់ទី២ ត្រូវចំដើមដៃធ្លាយទៅដល់ដោះ។ លោកថា បន្ទាប់ពីឃាតករបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ភ្លាមៗ ឃាតករបានរត់ចេញពី Star Mart ហើយត្រូវសមត្ថកិច្ចដែលឈរជើងនៅស្តុបបូកគោឃើញ ដេញចាប់យ៉ាងប្រផាប់ប្រភីង។

លោកថា «នៅពេលដែលកើតហេតុភ្លាម សមត្ថកិច្ចរបស់យើងដែលឈរជើង នៅកែងភ្លើងស្តុបរោងកុនបូកគោនោះ គឺបានដេញប្រផាប់ចាប់ប្រភីងទៅ ឃាតករដែលបាញ់សម្លាប់ហើយបានរត់ចេញពីកន្លែងកើតហេតុ អញ្ចឹងយើងឃើញថា ពេលនោះប្រជាពលរដ្ឋក៏បានស្រែកបន្លឺសំឡេងដើម្បីឱ្យជួយសង្រ្គោះ ហើយសមត្ថកិច្ចរបស់យើង បានដេញប្រផាប់ចាប់ប្រភីងរហូតដល់ផ្ទុះអាវុធចំនួន២គ្រាប់ ដើម្បីបង្អាក់ដំណើរជនល្មើស ប៉ុន្តែជនល្មើសនៅតែបន្តដំណើរទាំងអាវុធជាប់នៅនឹងដៃ»។

លោក ជួន សុវណ្ណ បានបានបន្ថែមទៀតថា «យើងពិនិត្យឃើញថា ទាំងកិច្ចការងារនៅកន្លែងកើតហេតុ បន្ទាប់ពីការត្រួតពិនិត្យយ៉ាងល្អិតល្អន់ និងការធ្វើកោសល្យវិច្ច័យយ៉ាងល្អិតល្អន់ នៅទីកន្លែងកើតហេតុ ហើយទាំងវត្ថុតាងដែលយើងរឹបអូស គឺយើងបញ្ជាក់យ៉ាងច្បាស់ថា ជនសង្ស័យនេះ គឺជាឃាតករយ៉ាងពិតប្រាកដ ដែលបានធ្វើការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី»។

ទោះជាយ៉ាងណា លោក ជួន សុវណ្ណ ហាក់មិនទាន់ជឿថា ឃាតករមានឈ្មោះពិតថា ជួប សម្លាប់ ដូចការសារភាពរបស់គេឡើយ។ លោកថា «ឈ្មោះនោះគឺយើងពិបាកជឿ ព្រោះឈ្មោះនោះ (ជួប សម្លាប់) យើងមិនដែលជួបទេ។ គេបានឆ្លើយសារភាពថាគេឈ្មោះ ជួប សម្លាប់ អញ្ចឹងខ្ញុំគិតថា ឈ្មោះនេះមិនមែនជាឈ្មោះពិតប្រាកដទេ»។

សូមជំរាបថា បន្ទាប់ពីមានករណីសម្លាប់ លោកបណ្ឌិត កែម ឡី ភ្លាមៗទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជា គណបក្សនយោបាយ រួមទាំងអង្គការសង្គមស៊ីវិលជាច្រើន បានថ្កោលទោសចំពោះអំពើព្រៃផ្សៃនេះ ហើយអំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវឱ្យបានល្អន់ចំពោះករណីនេះ។ ដោយឡែកជនសង្ស័យបានត្រឹមតែសារភាពថា ខ្លួនបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ព្រោះតែជំពាក់ប្រាក់មិនសងប៉ុណ្ណោះ៕