(ភ្នំពេញ)៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទកាសែត បង្ហាញមុខខ្មាន់កាំភ្លើងបាញ់សម្លាប់លោក កែម ឡី នៅព្រឹកមិញ។

សន្និសីទនេះមានរយៈពេលជាង១០នាទី ក្នុងនោះលោកស្នងការ បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនខាងក្រោមនេះ៖

* នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា ការស្លាប់របស់លោកបណ្ឌិត កែម ឡី គឺជាការសោកស្តាយយ៉ាងខ្លាំង ហើយខ្ញុំក៏បានចូលរួមរំលែងទុក្ខជាមួយភរិយា សព និងកូនទាំង៤នាក់របស់គាត់។ លោកថា ប្រពន្ធលោក កែម ឡី​ ពេលនេះកំពុងពរពោះទៀតផង។

* នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា សមត្ថកិច្ច និងអាជ្ញាធរបានសម្របសម្រួល ដោយចូលរួមបើករថយន្តសារ៉ែន ដឹកសពយកទៅតម្កល់នៅវត្តចាស់ ក្នុងខណ្ឌជ្រោយចង្វា

* នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញាក់ថា ក្រោយកើតហេតុភ្លាមៗ កម្លាំងយើង បានដេញតាមជនល្មើស រហូតផ្ទុះអាវុធ២គ្រាប់។​ សមត្ថកិច្ចចាប់ជនល្មើសបាន នៅតាមផ្លូវសុធារាស ជិតវត្តស្វាយអំពែរ។

* លោក ជួន សុវណ្ណ បានអះអាងថា លោកបណ្ឌិត កែម ឡី ត្រូវឃាតករបាញ់ត្រូវចំនួន២គ្រាប់ ក្នុងនោះគ្រាប់ទី១ ត្រូវក្បាលបៀមគ្រាប់ និងគ្រាប់ទី២ គឺត្រូវដើមដៃធ្លាយដល់ដោះ។

* នាយឧត្តមសេនីយ៍ បានបន្តថា ជនសង្ស័យនេះ គឺជាឃាតករយ៉ាងពិតប្រាកដ ដែលជាអ្នកបាញ់សម្លាប់បណ្ឌិត កែម ឡី។

* សមត្ថកិច្ច នៅបន្តស៊ើបអង្កេតស្រាវជ្រាវរកអ្នកនៅពីក្រោយ និងអ្នកសមគំនិត ដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ លោក ជួន សុវណ្ណ អះអាងថា យើងមានតម្រុយជាច្រើនក្នុងការស៊ើបអង្កេតករណីនេះ។

* នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា សម្រាប់ឈ្មោះជនសង្ស័យថា ជួប សម្លាប់ នោះគឺសមត្ថកិច្ចមិនទាន់ជឿទេ ហើយកំពុងស្រាវជ្រាវបន្តទៀត

លោក ជួន សុវណ្ណ៖ ឃាតករបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នឹងត្រូវបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីនៅថ្ងៃស្អែក។

សូមទស្សនាវីដេអូ នៃការធ្វើសន្និសីទកាសែត បង្ហាញមុខខ្មាន់កាំភ្លើងបាញ់សម្លាប់លោក កែម ឡី៖