(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ដែលជាអ្នកវិភាគសង្គម និងនយោបាយដូចលោកបណ្ឌិត កែម ឡី ដែរនោះ បានសម្តែងការតក់ស្លុត និងសោកស្តាយខ្លាំង ចំពោះការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។

លោកបណ្ឌិត សុខ ទូច បានថ្លែងក្នុងបណ្តាញសង្គម Facebook របស់លោកថា «ខ្ញុំមានការរន្ធត់តក់ស្លុកយ៉ាងក្រៃលែង ក្រោយពីទទួលដំណឹងតាមប្រព័ន្ធផ្សព្វផ្សាយថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ ៩ព្រឹក នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ»

ទន្ទឹមនិងការសោកស្តាយ និងរន្ធត់ចិត្ត លោកបណ្ឌិត សុខ ទូច ក៏បានថ្កោលទោសយ៉ាងពេញទំហឹង ចំពោះជនដៃដល់ និង អ្នកនៅពីក្រោយអំពើឃាតកម្មនេះ និងអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេត ស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

លោក សុខ ទូច បានចាត់ទុកមរណភាពលោក កែម ឡី គឺជាការបាត់បង់បញ្ញវន្តមួយរូប និងកញ្ចក់សង្គមមួយផ្នែក ដ៏សំខាន់នៃប្រទេសកម្ពុជា។ «លោកបណ្ឌិត កែម ឡី ជាបញ្ញវន្តមួយរូប ដែលមានការទទួលស្គាល់ពីស្រទាប់បញ្ញវន្ដជាតិ និង អន្ដរជាតិ ក៏ដូចជាប្រជាពលរដ្ឋទូទៅ និងមានការកោតស្ញប់ស្ញែងចំពោះចំណេះដឹង និង ទេពកោលសល្យរបស់លោក»។

ក្នុងនាមជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយក្នុងប្រទេសកម្ពុជា ដូចគ្នានោះ លោក សុខ ទូច បានលំឱនកាយវាចារចិត្ដគោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី និងបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត។

សូមជម្រាបថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុង Star Mart ស្តុបបូកគោ ខណ្ឌចំការមន។ Star Mart ស្ថានីយប្រេងឥន្ធនៈកាល់តិច គឺជាទីកន្លែង ដែលលោក កែម ឡី តែងមកអង្គុយផឹកកាហ្វេនៅទីនោះស្ទើរតែរៀងរាលព្រឹក។

បន្ទាប់ពីការបាញ់សម្លាប់ ខ្មាន់កាំភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់បានភ្លាមៗផងដែរ។ ខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនមានរហស្សនាមថា «ជួបសម្លាប់» អាយុ៣៣ឆ្នាំ ធ្វើជាជាងបាញ់ថ្នាំនៅប្រទេសថៃ។ ខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនជិះម៉ូតូឌុបមកធ្វើសកម្មភាព ដោយប្រើកាំភ្លើងខ្លីបាញ់សម្លាប់ជនរងគ្រោះពីខាងក្រោយ។

ខ្មាន់កាំភ្លើង បានសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំឲ្យមានការតាមបាញ់សម្លាប់ជនរងគ្រោះនោះ គឺផ្តើមចេញមកពីរឿងលក់ដីសង្គមកិច្ចមួយកន្លែង ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនដោយលក់បាន ៣-៤ពាន់ដុល្លារ។ ក្រោយលក់ដី លោក កែម ឡី បានប្រាប់ទៅខ្មាន់កាំភ្លើងថា លុយនេះទុកសម្រាប់ជួយជនក្រីក្រ។

ខ្មាន់កាំភ្លើងបន្តថា ក្រោយពេលលោក កែម ឡី ប្រាប់ថាយ៉ាងនេះ ខ្លួនក៏ព្រមឲ្យលុយនោះ ទៅលោក កែម ឡី ប៉ុន្តែរូបគេមិន ដែលឃើញលោក កែម ឡី យកលុយនោះទៅជួយជនក្រីក្រនោះឡើយ។

បន្ទាប់ពីដឹងថា លោក កែម ឡី បោកខ្លួន ខ្លួនក៏រៀបចំផែនការតាមបាញ់សម្លាប់តែម្តង។ នេះជាការបញ្ជាក់បន្ថែមរបស់ជនសង្ស័យប្រាប់ ទៅសមត្ថកិច្ច៕