(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញមុខប្រកាសក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្កោលទោសចំពោះករណី បាញ់សម្លាប់អ្នកវិភាគឯករាជ្យ កែម ឡី និងបានហៅថា ជាអំពើកំសាកថោកទាប បង្កឲ្យស្ថានភាពនយោបាយនៅកម្ពុជា មានភាពស្មុគ្រស្មាញ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនោះ សូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេត ស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់!។

សូមជំរាបថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុង Start mart ស្តុបបូកគោ ខណ្ឌចំការមន។ ហើយខ្មាន់កាំភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់បាន ពាក់ព័ន្ធការបាញ់សម្លាប់លោក កែម ឡី ក្រោយកើតហេតុភ្លាមៗ ដោយសារតែឃើញ អាវប្រឡាក់ឈាម ហើយជនសង្ស័យបានសារភាពថា មូលហេតុគឺលោក កែម ឡី ជំពាក់លុយ៣០០០ដុល្លារមិនសង។

ខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់ អាយុ៣៣ឆ្នាំ ជាជាងបាញ់ថ្នាំនៅប្រទេសថៃ។ ជនសង្ស័យបានសារភាពថា ខ្លួនជិះម៉ូតូឌុបមកទេ ហើយប្រើកាំភ្លើងខ្លីបាញ់សម្លាប់ជនរងគ្រោះ៕