(សាន់ដេនីស)៖ អ្វីដែលប្រិយមិត្តបានកំពុងទន្ទឹងរង់ចាំ គឺបានមកដល់ហើយវគ្គផ្តាច់ព្រ័ត្រ ដើម្បីប្រជែងយកពានរង្វាន់ជើងឯក ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 លើកទី១៥ រវាងម្ចាស់ផ្ទះមាន់គកបារាំង និងបញ្ចខែលព័រទុយហ្គាល់ នៅម៉ោង២រំលងអាធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា)។

សូមជម្រាបផងដែរថា បារាំង ធ្លាប់ឈ្នះជើងឯកពានដែលមានរយៈពេល៤ឆ្នាំម្តងនេះ បាន២ដងមកហើយនៅឆ្នាំ១៩៨៤ ក្នុងទឹកដីរបស់ខ្លួន ក្រោយឈ្នះអេស្ប៉ាញ ២-០ នៅវគ្គផ្តាច់ព្រ័ត្រ និងឈ្នះលើកទី២ ក្នុងឆ្នាំ២០០០ ក្រោយយកឈ្នះអ៊ីតាលី ២-១ ក្នុងនាទីបន្ថែមនៅវគ្គផ្តាច់ព្រ័ត្រ ដោយមានប៊ែលហ្ស៊ិក និងហូឡង់ ធ្វើម្ចាស់ផ្ទះរួមគ្នា ក្រៅពីនេះ មិនធ្លាប់រងជើងឯកឡើយ ដែលនេះជាលើកទី៣ សម្រាប់គេដែលបានឡើងមកដល់ Final។

ងាកទៅមើលប្រទេសព័រទុយហ្គាល់វិញ មិនធ្លាប់ឈ្នះជើងឯកនេះឡើយ ហើយក៏ជាលើកទី២ផងដែរ បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ដោយមិននឹកស្មានទាល់តែសោះ ព្រោះថា ពី១ប្រកួតទៅ១ប្រកួតរបស់ព័រទុយហ្គាល់ យ៉ាប់យឺនបំផុត ពោលគឺវគ្គសន្សំពិន្ទុក្នុងពូល F ចុងក្រោយគេ មិនដែលឈ្នះ ស្មើទាំង៣ប្រកួត ហើយបានទម្លាក់ក្រូអាតក្នុងនាទីបន្ថែមនៃវគ្គ១៦ មុនទៅទម្លាក់ប៉ូឡូញ ដោយបាល់ប៉េណាល់ទី ៥-៣ ក្នុងវគ្គ៨ក្រុម និងឈ្នះវ៉េល ២-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឡើងទៅប៉ះម្ចាស់ផ្ទះបារាំង ប្រជែងយកពាន Euro 2016 រាត្រីនេះ។

នេះជាការប្រកួតលើកទី៥១ ក្នុង Euro 2016 វគ្គផ្តាច់ព្រ័ត្រ ដោយពុំមានប្រកួតយកចំណាត់ថ្នាក់លេខ៣ ដូចព្រឹត្តិការណ៍បាល់ទាត់ World Cup ឡើយ ដែលនឹងធ្វើឡើងនៅក្នុងពហុកីឡដ្ឋាន Stade de France ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៨១០០០នាក់ ស្ថិតក្នុងទីក្រុង Saint-Denis ជាពហុឡកីឡដ្ឋានធំជាងគេក្នុងចំណោមទាំង១០ទីតាំង ដែលបារាំងប្រើក្នុង Euro 2016 នេះ។

ក្រុមឈ្នះជើងឯក នឹងទទួលបានពាន Euro 2016 រួមទាំងមេដាយមាស២៥គ្រឿង អមដោយទឹកប្រាក់ចំនួន ៣៧លានដុល្លារ ខណៈដែលជើងឯករង នឹងទទួលបានមេដាយប្រាក់ ២៥គ្រឿង និងអមដោតទឹកប្រាក់២៨លានដុល្លារអាមេរិក នេះបើយោងតាមតាមគេហទំព័រផ្លូវការរបស់ UEFA។

ទន្ទឹមគ្នានោះ ស្បែកជើងមាស អាចធ្លាក់ទៅលើកីឡាករខ្សែប្រយុទ្ធជួរមុខ Antoine Griezmann របស់បារាំង ដែលស៊ុតបញ្ចូលទីបាន ៦គ្រាប់ច្រើនជាងគេ ខណៈដែលគូប្រជែង Cristiano Ronaldo របស់ព័រទុយហ្គាល់ ទើបរកបាន៣គ្រាប់នៅឡើយ និងពានរង្វាន់កីឡាករវ័យក្មេងលេងល្អ ប្រចាំយុទ្ធនាការនេះ អាចធ្លាក់ទៅលើកីឡាករខ្សែប្រយុទ្ធ Renato Sanches របស់ព័រទុយហ្គាល់ ដែលមានវ័យទើបតែ ១៨ឆ្នាំ និងជាតួឯកជួយព័រទុយហ្គាល់ ទម្លាក់ប៉ូឡូញក្នុងវគ្គ៨ក្រុមផងដែរ តាមរយៈស៊ុតគ្រាប់តាមស្មើ ១-១ នៅនាទីទី៣៣របស់គេ៕