(កណ្តាល)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា រហូតដល់ម៉ោង១២៖៣០នាទីយប់ចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ អគ្គិភ័យដែលបានឆេះឃ្លាំងស្តុកអេតចាយ នៅស្រុកស្អាង ខេត្តកណ្តាល ត្រូវបានបាញ់ឲ្យរលត់១០០ភាគរយ បន្ទាប់ពីឆាបឆេះអស់ជាច្រើនម៉ោង។

នគរបាលពន្លត់អគ្គិភ័យ នៃស្នងការនគរបាលខេត្តកណ្តាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងនគរបាលបានប្រើរថយន្តចំនួន៩គ្រឿង រថយន្តស្នងការខេត្តកណ្តាលចំនួន៥គ្រឿង, រថយន្តកងអង្គរក្សសម្តេចតេជោ ចំនួន២គ្រឿង, រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនកម្ពុជាផាវវ័រ ដោយក្នុង១រថយន្តយើងប្រើទឹកមិនតិចជាង១០ជើង ។

សេចក្តីរាយការណ៍បញ្ជាក់ថា ចំណែកកម្លាំងនគរបាលវិញមិនបានដកចេញនោះទេ គឺបានត្រៀមទាំងកម្លាំងបន្ត។

សូមជំរាបថា មន្រ្តីជាន់ខ្ពស់អគ្គិសនីកម្ពុជា បានថ្លែងបញ្ជាក់ប្រាប់ឲ្យដឹងថា ខ្សែបញ្ជូនចរន្តអគ្គិសនីកម្លាំងមធ្យម (កម្លាំង២២) មួយចំនួន ត្រូវបានខូចខាត បន្ទាប់ពីភ្លើងឆេះឃ្លាំងស្តុកអេតចាយ នៅស្រុកស្អាង ខេត្តកណ្តាលនេះ៕